ហូឡង់ កំពុងផ្ទេរមាសចំនួន ៨៦ តោនចេញពីសហរដ្ឋអាមេរិក និងកាណាដា ទៅទុកនៅទីក្រុងឡុងដ៍វិញ

អន្តរជាតិ

ប្រទេសហូឡង់ ថ្មីៗនេះបានប្រកាសថា ខ្លួនកំពុងផ្ទេរទុនបម្រុងមាសចំនួន ៨៦ តោនចេញពីសហរដ្ឋអាមេរិក និងកាដាណា ទៅកាន់ច្រកភពអង់គ្លេសវិញ ដោយសារតែអស្ថិរភាពភូមិសាស្រ្តនយោបាយដែលកំពុងកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារកណ្តាលហូឡង់ (DNB) បានឱ្យដឹងនៅថ្ងៃទី៣ កញ្ញាថា វិធានការនេះនឹងអនុញ្ញាតឱ្យប្រទេសជាតិអាចទទួលបានមាសបម្រុងរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងករណីមានវិបត្តិកើតឡើង។ លោក Olaf Sleijpen ប្រធានធនាគារ DNB បានថ្លែងថា៖ “យើងសង្ឃឹមថានឹងមិនចាំបាច់ប្រើប្រាស់វាឡើយ ប៉ុន្តែការលើកកម្ពស់សមត្ថភាពឆ្លើយតប និងការរៀបចំខ្លួនសម្រាប់សេណារីយ៉ូអាក្រក់បំផុត គឺជាកត្តាចាំបាច់”។

គួរឲ្យដឹងថា DNB បានបញ្ជាក់ថា ដំណើរការផ្ទេរមាសនេះត្រូវបានធ្វើឡើងតាមរយៈការទិញ និងការដឹកជញ្ជូនដោយផ្ទាល់ ជាដំណាក់កាល។ ធនាគារបានដឹកជញ្ជូនមាសជាង ២៧ តោនពីសហរដ្ឋអាមេរិក និងកាណាដាទៅកាន់ទីក្រុង Zeist ក្នុងប្រទេសហូឡង់ ដែលជាកន្លែង DNB មានឃ្លាំងស្តុកទុកមាសស្រាប់។ បរិមាណមាសមួយចំនួនទៀត នឹងត្រូវផ្ទេរបន្តពី Zeist ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជួយឱ្យ DNB ជៀសវាងពីការកែច្នៃ និងរំលាយដុំមាសឡើងវិញ។

គួរឲ្យដឹងថា មុនពេលមានការដកចេញនេះ ទុនបម្រុងមាសរបស់ហូឡង់ត្រូវ បានរក្សាទុកនៅសហរដ្ឋអាមេរិក និងកាណាដាក្នុងកម្រិត ៣១,៣% និង ១៩,៧% រៀងៗគ្នា។ បន្ទាប់ពីដកមាសចំនួន ៨៦ តោនចេញ ភាគរយទាំងនេះបានថយចុះមកត្រឹម ១៨,៥% នៅក្នុងប្រទេសទាំងពីរ ខណៈពេលដែលមាសនៅទីក្រុងឡុងដ៍បានកើនឡើងពី ១៨,១% ទៅ ៣២,១%។ បច្ចុប្បន្ន ហូឡង់នៅតែរក្សាទុកទុនបម្រុងមាសក្នុងស្រុកជិត ៣១%។

ជម្រាបជូនថា យោងតាម DNB ទុនបម្រុងមាសសរុបរបស់ហូឡង់ មានចំនួនសរុបប្រមាណ ៦១២,៤ តោន ដែលមានតម្លៃ ៧២,២ពាន់លានអឺរ៉ូ (ជាង ៨៣ពាន់លានដុល្លារអាមេរិក) គិតនៅត្រឹមចុងឆ្នាំ២០២៥៕​