តម្លៃមាសមួយអោន បានធ្លាក់ចុះក្រោម ៤ ៣០០ដុល្លារ ចំពេលឱកាសនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) នៅសប្តាហ៍នេះ បានកើនឡើងលើសពី ៩០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅចុងបញ្ចប់នៃវគ្គជួញដូរកាលពីថ្ងៃទី១៤ ខែកញ្ញា តម្លៃមាស បានធ្លាក់ចុះជិត ៥០ដុល្លារភ្លាមៗ ដោយមកនៅត្រឹម ៤ ២៩៨ដុល្លារក្នុងមួយអោន។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី១៥ កញ្ញា តម្លៃមាសនៅតែបន្តស្ថិតជុំវិញកម្រិតនេះ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីដើមខែសីហាមក។
គួរឲ្យដឹងថាទីផ្សារមាសសកលបានធ្លាក់ចុះដោយសារតែតម្លៃប្រេងឆៅពិភពលោកកើនឡើងយ៉ាងឆាប់រហ័ស និងអតិផរណារបស់អាមេរិកខ្ពស់ជាងការរំពឹងទុក ដែលនាំឲ្យលទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) នឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនាសប្តាហ៍នេះ កាន់តែកើនឡើងខ្ពស់។
ជម្រាបជូនថា សន្ទស្សន៍ប្រាក់ដុល្លារ (Dollar Index) ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ក៏បានបណ្តាលឱ្យតម្លៃមាសធ្លាក់ចុះផងដែរ ដោយសារលោហធាតុមួយនេះមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត។ ក្រៅពីមាស តម្លៃប្រាក់ (Silver), ប្លាទីន (Platinum) និងប៉ាឡាដស្យូម (Palladium) ក៏បានធ្លាក់ចុះពី ១% ទៅ ២% នៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នេះដែរ៕

