ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នាលើគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីប semiconductor ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងវិនិយោគសរុបតម្លៃ ៥៥០ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។

រោងចក្រថ្មីមួយដែលបានស្នើឡើងនេះ តម្រូវឱ្យមានការវិនិយោគចន្លោះពី ២ទ្រីលានយ៉េន ទៅ ៣ទ្រីលានយ៉េន (ឬប្រហែល ១២,៨៥ពាន់លានដុល្លារ ទៅ ១៩,២៧ពាន់លានដុល្លារ) ដែលស្ថិតនៅលើទឹកដីអាមេរិកផ្ទាល់។
មិនតែប៉ុណ្ណោះរោងចក្រនេះ ត្រូវបានគេរាយការណ៍ថានឹងផ្តោតលើការផលិត logic semiconductors ហើយត្រូវបានរំពឹងទៀតថានឹងប្រតិបត្តិការដោយក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក GlobalFoundries។
គួរជម្រាបជូនថា ការពិភាក្សានេះត្រូវបានធ្វើឡើង ខណៈពេលដែលប្រទេសទាំងពីរស្វែងរកការពឹងផ្អែកលើការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor និងពង្រីកសមត្ថភាពផលិតបន្ទះឈីប ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃបច្ចេកវិទ្យាប្រព័ន្ធកុំព្យូទ័រកម្រិតខ្ពស់ និងបញ្ញាសិប្បនិម្មិត (AI)៕

