អ្នកវិនិយោគដ៏ល្បីល្បាញ លោក Warren Buffett បានសម្រេចចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនចម្រុះមុខជំនួញមានតម្លៃមូលធនទីផ្សារប្រមាណ ១ទ្រីលានដុល្លារ ដែលលោកបានដឹកនាំចាប់តាំងពីឆ្នាំ១៩៦៥ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Buffett បានប្រកាសពីការសម្រេចចិត្តនេះនៅក្នុងលិខិតមួយផ្ញើជូនភាគទុនិកកាលពីថ្ងៃទី១៨ ខែកញ្ញា។ នៅក្នុងការប្រកាសមួយផ្សេងទៀត ក្រុមហ៊ុន Berkshire បានឱ្យដឹងថា លោក Buffett នឹងក្លាយជាប្រធានកិត្តិយសភ្លាមៗ ក្រោយការលាលែងនេះ ខណៈពេលដែលលោកនៅតែបន្តជាសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដដែល។ កូនប្រុសរបស់លោក គឺលោក Howard Buffett ត្រូវបានគេរំពឹងទុកថានឹងបន្តតំណែងជាប្រធានក្រុមហ៊ុនបន្ត។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះបានធ្វើឡើងត្រឹមតែជាជាង ៩ខែប៉ុណ្ណោះ បន្ទាប់ពីលោក Greg Abel បានទទួលតំណែងជានាយកប្រតិបត្តិបន្តពីលោក។ លោក Buffett បានប្រកាសជាលើកដំបូងអំពីការលាលែងពីតំណែង CEO នៅក្នុងកិច្ចប្រជុំភាគទុនិក Berkshire Hathaway កាលពីខែឧសភា ឆ្នាំ២០២៥។ ការប្រកាសនាពេលនោះបានធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
គួរជម្រាបជូនផងដែរថា នៅក្នុងឆ្នាំនេះ ក្នុងតួនាទីជាប្រធាន លោក Buffett នៅតែចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន។ កាលពីខែមីនា នៅលើប្រព័ន្ធផ្សព្វផ្សាយ CNBC លោក Abel បាននិយាយថា លោក Buffett នៅតែមកការិយាល័យ Omaha ជារៀងរាល់ថ្ងៃ ហើយលោកនៅតែស្វែងរកការប្រឹក្សាពីមហាសេដ្ឋីរូបនេះជាទៀងទាត់ផងដែរ៕

