មហាសេដ្ឋីម៉ាឡេស៊ី Francis Yeoh ប្រកាសអភិវឌ្ឍគម្រោងថាមពលតម្លៃជាង ១០ពាន់លានដុល្លារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ក្រុមហ៊ុន YTL Power International របស់មហាសេដ្ឋីលំដាប់កំពូលម៉ាឡេស៊ី Francis Yeoh កំពុងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយឧស្ម័ន ដែលមានកម្លាំងជាង ៥,២ ជីហ្កាវ៉ាត់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ចំពេលដែលមជ្ឈមណ្ឌលទិន្នន័យ AI កំពុងជំរុញឱ្យមានតម្រូវការអគ្គិសនីកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន YTL Power មិនទាន់បានប្រាប់ពីទំហំវិនិយោគដែលត្រូវប្រើប្រាស់នៅឡើយទេ ប៉ុន្តែអ្នកវិភាគបានប៉ាន់ប្រមាណថា គម្រោងទាំងនេះអាចចំណាយទឹកប្រាក់អស់ជាង ១០,៥ពាន់លានដុល្លារ។

គម្រោងទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នៅពេលបញ្ចប់ការសាងសង់នាឆ្នាំ២០៣០ រោងចក្រទាំងនេះនឹងបង្កើនសមត្ថភាពផលិតថាមពលសរុបរបស់ក្រុមហ៊ុនរហូតដល់ជិត ១១ ជីហ្កាវ៉ាត់។

យ៉ាងណាមិញ ជុំវិញការប្រកាសពង្រីកអាជីវកម្មរបស់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន YTL Power និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន Ganda Power បានបញ្ជាទិញទូប៊ីនឧស្ម័នបន្ថែមចំនួន ៤ ទៀតពីក្រុមហ៊ុន Siemens Energy របស់អាល្លឺម៉ង់ ដែលធ្វើឱ្យចំនួនទូប៊ីនខ្យល់សរុបដែលបានកក់ទុកកើនដល់ ៧ ទូប៊ីន។

ក្រុមហ៊ុន YTL Power បានបន្តទៀតថា តម្រូវការអគ្គិសនីដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ គឺដោយសារតែការរីកចម្រើននៃវិស័យឧស្សាហកម្ម ការប្រើប្រាស់ប្រព័ន្ធអគ្គិសនី និងការអភិវឌ្ឍយ៉ាងរហ័សនៃមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕​