ក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងបន្តជំរុញយ៉ាងសកម្មក្នុងការបើកច្រកទីផ្សារអន្តរជាតិ ដោយបានសម្របសម្រួលឱ្យមានការធ្វើប្រតិបត្តិការទិញ-លក់ និងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានចំនួន ៣៨ ព្រមទាំងបានរុញច្រានផលិតផលខ្មែរ ជាពិសេសផលិតផលកសិ-កែច្នៃ ឱ្យមានវត្តមាននៅលើធ្នើរបណ្តាញផ្សារទំនើបធំៗ និងផ្សារ Mini-mart ល្បីៗជាង ២៣.០០០ ទីតាំង នៅទូទាំងពិភពលោក។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជាត្រូវបានដាក់តាំងលក់ និងចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារប្រទេសអភិវឌ្ឍន៍ និងទីផ្សារធំៗជាច្រើន រួមមាន៖ សហរដ្ឋអាម៉េរិក (USA), សហភាពអឺរ៉ុប (EU ដូចជា ប្រទេសបារាំង និងបែលហ្ស៊ិក), ចក្រភពអង់គ្លេស (UK), ជប៉ុន (Japan), អូស្ត្រាលី (Australia), នូវែលសេឡង់ (New Zealand), ចិន (China), កូរ៉េ និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន (ASEAN) ជាដើម។
ក្នុងចំណោមទំនិញខ្មែរដែលកំពុងចរាចរលើទីផ្សារពិភពលោក គេសង្កេតឃើញមានកសិផល និងផលិតផលកែច្នៃសក្តានុពលជាច្រើន ដូចជា៖ អង្ករផ្ការំដួល, អង្ករផ្កាម្លិះកម្ពុជា, គ្រាប់ស្វាយចន្ទីកែច្នៃ, ម្រេចកំពត, ស្ករត្នោត, ដំណាប់ផ្លែឈើ និងចំណីអាហារកែច្នៃជាច្រើនមុខទៀត ដែលត្រូវបានវេចខ្ចប់ប្រកបដោយស្តង់ដាអនាម័យ និងគុណភាពខ្ពស់ អាចឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងរបស់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសជឿនលឿន។
សូមជម្រាបជូនថា កិច្ចខិតខំប្រឹងប្រែងក្នុងការតភ្ជាប់បណ្តាញចែកចាយរហូតដល់រាប់ម៉ឺនទីតាំងបែបនេះ គឺជាយុទ្ធសាស្ត្រដ៏គន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះម៉ាកយីហោផលិតផលជាតិ បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់កសិ-ឧស្សាហកម្ម និងជួយបង្កើតឱកាសការងារ ក៏ដូចជាប្រាក់ចំណូលកាន់តែប្រសើរជូនដល់ប្រជាកសិករ និងសហគ្រាសក្នុងស្រុក៕

