រាជរដ្ឋាភិបាល តាមរយៈក្រុមការងាររៀបចំគម្រោងសិក្សានៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា ដើម្បីពន្លឿនលើវឌ្ឍនភាពនៃគម្រោងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ១ឱ្យបានឆាប់រហ័ស។

កិច្ចប្រជុំនេះ ធ្វើឡើងកាលនាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ចាន់ តារា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំគម្រោងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរាទៅកាន់ផ្លូវជាតិលេខ១ និងមានការចូលរួមពីតំណាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ និងក្រុមហ៊ុន ZHEJIANG (PRC) Institute of Communication Co., Ltd។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី ជាពិសេសពិនិត្យលើចំណុចនៃការសិក្សា ដែលបានកែសម្រួលឡើងវិញស្របទៅតាមមតិយោបល់ជំនាញពីឯកឧត្ដមប្រធាន អនុប្រធានគម្រោង និងមន្ដ្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ។

សូមជម្រាបដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពី កោះនរា ទៅ ក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលនៃការពិនិត្យ និងពិភាក្សាសិក្សាគម្រោងរវាងក្រសួងសាធារណការ និងភាគីក្រុមហ៊ុនពាក់ព័ន្ធ។គោលបំណងនៃគម្រោងនេះ គឺដើម្បីរួមចំណែកជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជំរុញការអភិវឌ្ឍអចលនទ្រព្យ និងគាំទ្រដល់ចក្ខុវិស័យពង្រីកទីក្រុងភ្នំពេញទៅទិសខាងកើត៕ អត្ថបទ៖ហ្សាលីន

