ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ ការនាំចេញស្វាយចន្ទីកម្ពុជាបានសម្រេចបរិមាណសរុប ៧២៣ ៨១៤ តោន ទទួលបានទឹកប្រាក់ ១ ១៧ពាន់ ដុល្លារអាមេរិក កើនឡើង ១២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការនាំចេញស្វាយចន្ទីកម្ពុជាបានទៅកាន់ប្រទេសចំនួន ២៧ ក្នុងទ្វីបអឺរ៉ុប អាស៊ី សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ កំណើននេះបានបន្តពីឆ្នាំមុនៗ ដោយក្នុងឆ្នាំ២០២៥ ការនាំចេញសម្រេចបាន ៦០៥ ៧៧៣ តោន ស្មើនឹងទឹកប្រាក់ ៨០៩ ០៤៥ ៦៣៦ ដុល្លារអាមេរិក កើនឡើង ១៥២% ធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹម ៤៧៥ ០៨៩ តោន ស្មើនឹងទឹកប្រាក់ ៥៣១ ១០៤ ៥២៥ ដុល្លារអាមេរិក។

ថ្លែងនៅក្នុង មហាសន្និបាតអាណត្តិទី១ និងការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី២ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅកាន់ប្រទេសវៀតណាមបានជាង ១លានតោនក្នុងមួយឆ្នាំៗ ដែលមិនទាន់រាប់បញ្ចូលគ្រាប់ចន្ទីកែច្នៃក្នុងស្រុក និងការនាំចេញទៅប្រទេសដទៃឡើយ។ ជាក់ស្តែង គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅវៀតណាមបានជាង ១,០៥លានតោន ដែលគិតជាទឹកប្រាក់ជាង ១.៨០០លានដុល្លារអាមេរិក។ ឆ្នាំ២០២៦នេះក៏ជាឆ្នាំប្រវត្តិសាស្ត្រមួយផងដែរ ដែលតម្លៃស្វាយចន្ទីស្ងួតពូជ M23 បានលក់ចេញរហូតដល់ជាង ២.៣០០ដុល្លារអាមេរិកក្នុងមួយតោន។
សូមជម្រាបដែរថា ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ % បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីពេលថ្មីនេះ។
ប្រភពដដែលបន្តថា កម្ពុជា បានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន៕


