ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានថ្លែងថា «តាំងពីកម្ពុជា មានបញ្ហាជាមួយថៃ ហើយថៃបានបិទព្រំដែនផ្លូវគោក តែនៅមានការដឹកជញ្ជូនខ្លះ តាមផ្លូវទឹក និងផ្លូវអាកាស ចំពោះទំនិញដែលចាំបាច់ប៉ុណ្ណោះ»។

ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកឧកញ៉ា បានគូសបញ្ជាក់ថា មែនទែនទៅទំនិញដែលកម្ពុជានាំចូលពីថៃនោះ មិនមែនជារបស់ថៃនោះទេ គឺជាផលិតផល ដែលក្រុមហ៊ុនអន្ដរជាតិ បានដាក់មូលដ្ឋានផលិតនៅប្រទេសថៃ។
គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ សម្រេចបានទឹកប្រាក់ ២ ០៨១លានដុល្លារ ថយចុះចំនួន២៨.៤៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ ២ ៩០៩លានដុល្លារអាមេរិក។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ មានតម្លៃជាង ៥៣៨លានដុល្លារអាមេរិក ថយចុះ៦.៥២%។ ចំណែកឯការនាំចេញរបស់ថៃ មកកាន់កម្ពុជាវិញ មានការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ផងដែរ មានទឹកប្រាក់ ១ ៥៤២លានដុល្លារអាមេរិក ថយចុះ ៣៣.៨៨%។
សូមជម្រាបថា ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ គឺបន្ទាប់ពីមានជម្លោះព្រំដែនជាមួយគ្នា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក និងបានឈានទៅបិទព្រំដែនគោក ទាំងស្រុង។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបានហាមការនាំចូលទំនិញមួយចំនួនពីថៃ ដូចជាឧស្ម័ន ប្រេងឥន្ធនៈ បន្លែ និងផ្លែឈើផងដែរ៕



