មន្ត្រីពិសេសរបស់លោក ពូទីន ស្នើឲ្យមហាសេដ្ឋី Elon Musk ចេញគម្រោងសង់ផ្លូវរូងក្រោមសមុទ្រតភ្ជាប់រុស្ស៊ី និងអាមេរិក

អន្តរជាតិ

លោក Kirill Dmitriev ដែលជាតំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអំពាវនាវដល់មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk ឱ្យចូលរួមក្នុងគម្រោងសាងសង់ផ្លូវក្រោមសមុទ្រដែលមានប្រវែង ១១៣ គីឡូម៉ែត្រ កាត់តាមច្រកសមុទ្រ Bering (Bering Strait)។ នេះបើតាមការចុះផ្សាយពីសារសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Kirill Dmitriev ទីប្រឹក្សាជាន់ខ្ពស់ និងជាមន្ត្រីពិសេសរបស់លោក ពូទីន បានសរសេរនៅលើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែតុលា ដោយសំដៅទៅលើមហាសេដ្ឋី Elon Musk ជុំវិញគម្រោងនេះថា៖ “ដល់ពេលហើយដែលក្រុមហ៊ុន The Boring Company ត្រូវចាប់ផ្តើមសាងសង់ផ្លូវរូងក្រោមសមុទ្រ Putin-Trump ដែលតភ្ជាប់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងតភ្ជាប់ទ្វីបអឺរ៉ាស៊ី ជាមួយទ្វីបអាមេរិកហើយ”។

គួរឲ្យដឹងថាលោក Dmitriev បានស្នើឡើងជាលើកដំបូងនូវគម្រោងសាងសង់ផ្លូវកាត់ច្រកសមុទ្រ Bering នេះ កាលពីខែតុលា ឆ្នាំ២០២៥ ដោយបានពណ៌នាវាថាជាគម្រោងនិមិត្តសញ្ញានៃសាមគ្គីភាព ដែលអាចជួយជំរុញការស្វែងរកធនធាន បង្កើតការងារ និងគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

គម្រោងផ្លូវក្រោមសមុទ្រនេះ ត្រូវបានគេរំពឹងថានឹងមានប្រវែងប្រហែល ១១៣ គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចតូចចង្អៀតបំផុតនៃច្រកសមុទ្រ Bering ដែលខណ្ឌចែកតំបន់ Chukotka របស់ប្រទេសរុស្ស៊ី និងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។

យោងតាមការប៉ាន់ប្រមាណរបស់លោក Dmitriev ការប្រើប្រាស់បច្ចេកវិទ្យាសាងសង់បែបប្រពៃណីអាចធ្វើឱ្យគម្រោងនេះចំណាយទឹកប្រាក់អស់ជាង ៦៥ពាន់លានដុល្លារ។ ប៉ុន្តែលោកជឿជាក់ថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន The Boring Company ដែលជាក្រុមហ៊ុនទទួលបានមូលនិធិពីមហាសេដ្ឋី Elon Musk នោះ អាចកាត់បន្ថយការចំណាយបានរហូតដល់ ៩០% គឺមកនៅត្រឹមក្រោម ៨ពាន់លានដុល្លារ និងអាចកាត់បន្ថយរយៈពេលសាងសង់មកនៅត្រឹមប្រហែល ៨ឆ្នាំប៉ុណ្ណោះ៕​