ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដែលមកពីអន្តរក្រសួង បានបើកិច្ចប្រជុំពិភាក្សាលើកទី ៧ ដើម្បីពិនិត្យផ្តល់ការសម្របសម្រួលលើគម្រោងវិនិយោគចំនួន ២ នៅភូមិភាគឦសាន ក្នុងតម្លៃទុនវិនិយោគប្រមាណ ៤២ លានដុល្លារអាម៉េរិក។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦ ដឹកដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង។
កិច្ចប្រជុំនេះ ក្រុមការងារ បានពិនិត្យ វាយតម្លៃលើការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្ត ដល់គម្រោងវិនិយោគចំនួន ២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ, ដើមប្រេងខ្យល់) និងរោងចក្រកែច្នៃឈើដាំ ដែលការវិនិយោគទាំង ២ នេះនឹងបន្ថែមមូលធនប្រមាណ ៤២ លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។

នាឱកាសនោះ លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចកំពុងតែប្រឈមនឹងបញ្ហានៃពហុវិបត្តិ ដោយស្ថាប័នអន្តរជាតិធំៗ ក៏ដូចជារាជរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ បើធៀបនឹងឆ្នាំ ២០២៥ កន្លងទៅ ។ ក្នុងន័យនេះ, កិច្ចប្រជុំ ក.វ.ឦសាន លើកទី៧ នេះ មានបេសកកម្មសំខាន់ក្នុងការសម្របសម្រួលកិច្ចការវិនិយោគផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគ ផងដែរ ។
កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើការសម្របសម្រួល និងជំរុញនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីសុវត្ថិភាព ដែលអាចផ្តល់ជូនក្រុមហ៊ុន សម្រាប់បង្កើនការវិនិយោគលើការដាំដុះ និងកែច្នៃផលិតផលឈើដាំ នៅលើដីសម្បទានសេដ្ឋកិច្ច និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ។ ការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីឱ្យបានច្បាស់លាស់ មានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តជូនវិនិយោគិន សម្រាប់ការអនុវត្តផែនការវិនិយោគរបស់ក្រុមហ៊ុន ។ ទន្ទឹមនេះ ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតសាងសង់ផ្លូវ និងស្ពាននៅទីតាំងគម្រោង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។
អង្គប្រជុំបានឯកភាពផ្តល់ការគាំទ្រ និងសម្របសម្រួលនីតិវិធីខាងលើជូនក្រុមហ៊ុន។ជាមួយគ្នានេះ អន្តក្រសួង ក៏បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមក្នុងការងារនេះ ដោយបន្តផ្តល់នូវការសម្របសម្រួលជាអតិបរមា តាមដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅរួមគ្នាបំផុស និងជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យពេញសក្តានុពល៕ អត្ថបទ៖ហ្សាលីន

