ក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ដែលជាក្រុមហ៊ុនធំមួយ មកពីខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មស្វាយចន្ទី។ នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ រវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Zhou Jiesheng (ចូវ ជាសឹង) នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd.។


នាឱកាសនោះ លោកអគ្គលេខាធិការ បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុន ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មស្វាយចន្ទី។លោកថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ។ក្រៅពីវិស័យស្វាយចន្ទី លោកក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគកែច្នៃកសិផលផ្សេងទៀតដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ជាដើមដែលក្រុមហ៊ុនអាចធ្វើការកែច្នៃដើម្បីទាញយកផលចំណេញជាអតិបរិមា។

ជាការឆ្លើយតប លោក Zhou Jiesheng បានឱ្យដឹងថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជាដោយបណ្តាក់ទុនវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ទន្ទឹមនេះ ក្រុមហ៊ុនក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃស្វាយចន្ទីរបស់ចិន មកសិក្សាធ្វើការដំឡើងនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនៅក្នុងស្រុកផងដែរ។
លោកបានបន្ថែមថា ក្រៅពីការសំទ្បឹងឃើញពីសក្តានុពលនៃវិស័យស្វាយចន្ទី លោកក៏មានបំណងនាំចូលគ្រាប់ផ្លែរីករាយពីសហរដ្ឋអាម៉េរិកមកកែច្នៃនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។ លោកសង្ឃឹមថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងមានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
សូមជម្រាប់ថា ក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយ (Pistachio nut) ។ល។ នៅក្នុងទីផ្សារប្រទេសចិនប្រមាណ៤០ឆ្នាំ ដោយមានផលរបរប្រចាំឆ្នាំប្រមាណ៤ប៊ីលានដុល្លារអាម៉េរិក/ឆ្នាំ៕ អត្ថបទ៖ហ្សាលីន


