ក្នុងឱកាសអបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦) សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជាប្រវត្តិសាស្ត្រថា បើគ្មានជំនួបចរចា សីហនុ-ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នោះទេ គឺពិតជាមិនអាចមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ វេលាម៉ោង ៣រសៀល នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា ត្រូវបានចុះហត្ថលេខាជាផ្លូវការ។ សម្តេចតេជោបានលើកឡើងនូវពាក្យប្រៀបធៀបថា ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹក ទើបហៅថាដើមឈើបាន ដែលមានន័យដូចគ្នានឹងកិច្ចព្រមព្រៀងប៉ារីសដែរ គឺបានកកើតចេញពីឫសគល់នៃជំនួបចរចារវាង សម្តេចព្រះ នរោត្តម សីហនុ ជាមួយរូបសម្តេច ដែលគេតែងហៅថា «ជំនួប សីហនុ-ហ៊ុន សែន» កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺន័រ (Fère-en-Tardenois) ប្រទេសបារាំង។
សម្តេចតេជោ បានបន្ថែមថា កម្ពុជាបានចំណាយពេលយ៉ាងច្រើនដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយនេះ ដោយគិតចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺមានរយៈពេលសរុប ១,៤២១ថ្ងៃ ត្រូវជា ២០៣សប្តាហ៍ ស្មើនឹង ៤៦ខែ និង២១ថ្ងៃ ឬ ៣ឆ្នាំ ១០ខែ និង២១ថ្ងៃ។
សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា សម្តេចគឺជាឥស្សរជនតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេបំផុត ក្នុងទម្រង់ចរចា មួយទល់បី ពោលគឺសម្តេចត្រូវតទល់ជាមួយឥស្សរជន ៣ភាគីផ្សេងទៀត រួមមាន៖ សម្តេចព្រះ នរោត្តម សីហនុ, លោកតា សឺន សាន និងលោក ខៀវ សំផន ដែលពេលខ្លះត្រូវជួបដោយឡែកពីគ្នា និងពេលខ្លះត្រូវជួបរួមគ្នា។ ទន្ទឹមនឹងនេះ បណ្តាប្រទេសជាដៃគូបរទេសទាំងអស់ មិនថាតែប្រទេសដែលគាំទ្រ ឬមិនគាំទ្រនោះទេ សុទ្ធតែត្រូវការជួបចរចាជាមួយសម្តេច ហ៊ុន សែន ដើម្បីពន្យល់ ស្វែងយល់ ឬស្វែងរកការស្រុះស្រួលឯកភាពគ្នា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានគូសរំលឹកពីភាពជាអ្នកដឹកនាំវ័យក្មេងក្នុងដំណើរការស្វែងរកសន្តិភាពនេះថា នៅក្នុងវេទិកាចរចាទាំងអស់ សម្តេចជាឥស្សរជនដែលមានវ័យក្មេងជាងគេបំផុត ក្នុងចំណោមភាគីកម្ពុជា និងគណៈប្រតិភូមកពីបណ្តាប្រទេសនានាដែលបានចូលរួម ដោយសម្តេចបានចាប់ផ្តើមដំណើរការចរចាកាលពីអាយុត្រឹម ៣៥ឆ្នាំ និងបានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងជន្មាយុ ៣៩ឆ្នាំ៕






