ភ្នំពេញ៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់សក្តានុពលវិស័យកសិកម្ម និងជំរុញការរីកចម្រើននៃអាជីវកម្មក្នុងស្រុក ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរ បានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

វិស័យកសិកម្ម គឺជាវិស័យស្នូលដ៏មានសក្តានុពលមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនគ្រួសារ។ ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន ការលើកកម្ពស់សមត្ថភាពផលិតកម្ម និងការបង្កើតឱកាសទីផ្សារ គឺជាកត្តាចម្បងក្នុងការជួយឱ្យកសិករ សហគ្រិន និងម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្ម អាចពង្រីកប្រតិបត្តិការអាជីវកម្ម បង្កើនតម្លៃបន្ថែម និងពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង តែងតែផ្តល់សារៈសំខាន់ដល់ការគាំទ្រអាជីវកម្មក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មខ្មែរ តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របទៅតាមតម្រូវការអាជីវកម្មរបស់អតិថិជន។ ការគាំទ្រនេះ មិនត្រឹមតែរួមចំណែកជំរុញការរីកចម្រើនរបស់សហគ្រិនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតឱកាសសម្រាប់ការពង្រីកផលិតកម្ម ការកែច្នៃក្នុងស្រុក និងការបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មកម្ពុជា ពីវត្ថុធាតុដើមទៅជាផលិតផលសម្រេចដែលមានតម្លៃបន្ថែមខ្ពស់ និងមានសក្តានុពលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមអត្តសញ្ញាណ «Made in Cambodia»។ ទន្ទឹមនឹងនេះ ការរីកចម្រើននៃអាជីវកម្ម និងវិស័យកសិកម្មក្នុងស្រុក ក៏អាចរួមចំណែកបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមជូនប្រជាពលរដ្ឋនៅតាមសហគមន៍ លើកកម្ពស់ជីវភាពរស់នៅ និងជួយកាត់បន្ថយការចំណាកស្រុកផងដែរ។

កម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការប្រមូលផ្តុំទៅដោយ សហគ្រិន អ្នកផលិត អ្នកកែច្នៃ កសិករ អ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ស្វែងយល់ពីនវានុវត្តន៍ និងបច្ចេកវិទ្យាកសិកម្មទំនើប ព្រមទាំងពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្ម និងស្វែងរកឱកាសសហការថ្មីៗក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។
លើសពីការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស ធនាគារ ជីប ម៉ុង ក៏បានចូលរួមគាំទ្រដល់កសិករខ្មែរ ឱ្យមានឱកាសមកចូលរួមក្នុងវេទិកា និងពិព័រណ៍នេះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ស្វែងយល់ពីបច្ចេកវិទ្យា និងដំណោះស្រាយកសិកម្មទំនើប ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ សហគ្រិន និងដៃគូអាជីវកម្ម ដែលអាចជួយបង្កើនប្រសិទ្ធភាពផលិតកម្ម និងបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍមុខរបររបស់ពួកគាត់។
ការចូលរួមគាំទ្រកម្មវិធីនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ធនាគារ ជីប ម៉ុង ក្នុងការដើរតួនាទីជាដៃគូហិរញ្ញវត្ថុដែលរួមចំណែកជាមួយសហគ្រិន និងអាជីវកម្មខ្មែរ ក្នុងការពង្រឹងខ្សែច្រវាក់ផលិតកម្ម ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការពង្រីកទីផ្សារ។ ធនាគារ ជីប ម៉ុង ជឿជាក់ថា ការវិនិយោគលើសក្តានុពលវិស័យកសិកម្មនាពេលបច្ចុប្បន្ន គឺជាការរួមចំណែកកសាងមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់អនាគត តាមរយៈការបង្កើតឱកាសការងារក្នុងសហគមន៍ ការលើកកម្ពស់ជីវភាពប្រជាជន និងការជំរុញផលិតផលខ្មែរឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្ដរជាតិ។
ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំនេះ ធនាគារ ជីប ម៉ុង នឹងបន្តចូលរួមគាំទ្រ និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីជំរុញការរីកចម្រើនរបស់សហគ្រិន និងអាជីវកម្មក្នុងវិស័យកសិកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់សក្តានុពលផលិតផលខ្មែរ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕







