ធនាគារកណ្តាលអាមេរិក Fed បន្តរក្សាអត្រាការប្រាក់ឲ្យនៅដដែលមិនផ្លាស់ប្តូរ ក្រោយដំឡើងកាលពីខែមុន

អន្តរជាតិ

ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) មិនបានកែសម្រួលអត្រាការប្រាក់របស់ខ្លួនទៀតនោះទេ បន្ទាប់ពីការដំឡើងកាលពីខែមុន ដូចដែលទីផ្សារបានព្យាករទុកជាមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៨ ខែតុលា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាល Fed បានប្រកាសថានឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនឱ្យផ្លាស់ប្តូរនៅកម្រិត ៣,៧៥ – ៤%។ កាលពីខែមុន ធនាគារកណ្តាលមួយនេះបានដំឡើងអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣ មក។

យ៉ាងណាមិញ នៅក្នុងការវាយតម្លៃលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក ខណៈពេលដែលបានទទួលស្គាល់ថាអតិផរណានៅតែបន្តកើនឡើងនោះ ធនាគារកណ្តាល Fed បានសម្រេចដំឡើងការព្យាករស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន។ ស្ថាប័ននេះបានបង្ហាញថា ការដំឡើងអត្រាការប្រាក់បន្ថែមទៀតអាចនឹងមានភាពចាំបាច់ អាស្រ័យលើនិន្នាការអតិផរណានាពេលអនាគត។

ដោយឡែក បើតាមគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) របស់ធនាគារកណ្តាល Fed ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការកំណត់អត្រាការប្រាក់ បានថ្លែងថា៖ “យើងត្រូវការព័ត៌មានបន្ថែមដើម្បីកំណត់ជំហរគោលនយោបាយឱ្យបានសមស្រប ក្នុងការទាញអតិផរណាឱ្យធ្លាក់ចុះមកវិញត្រឹមកម្រិតគោលដៅ ២% ក្នុងរយៈពេលដ៏សមស្របមួយ។ គណៈកម្មាធិការនៅតែប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពនៃតម្លៃ”។

គួរជម្រាបជូនថា នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់មក ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Kevin Warsh បានថ្លែងថា ការវាយតម្លៃលើសេដ្ឋកិច្ចកំពុងក្លាយជារឿងកាន់តែពិបាកឡើងៗ។ លោកក៏បានកត់សម្គាល់ផងដែរថា ទីផ្សារការងារមានភាពរឹងមាំល្អបង្គួរ ប៉ុន្តែអតិផរណាគឺនៅខ្ពស់ជាងគោលដៅជិតប្រាំឆ្នាំមកហើយ ហើយភារកិច្ចរបស់ពួកគេគឺត្រូវទាញវាឱ្យធ្លាក់ចុះមកវិញ៕​