មហាសេដ្ឋីលំដាប់កំពូល ឬត្រូវបានគេស្គាល់ថាជាបិតាវិនិយោគ Warren Buffett កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួន ដែលមានចំនួនសរុបប្រមាណ ១៤៩ពាន់លានដុល្លារ ទៅអង្គការសប្បុរសធម៌ឲ្យបានលឿនជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

យ៉ាងណាមិញ នៅក្នុងឯកសារផ្លូវការមួយ លោក Buffett បានបង្ហាញពីផែនការនេះ ទៅកាន់ម្ចាស់ភាគហ៊ុនផ្សេងៗទៀត នៅក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនលំដាប់កំពូល Berkshire Hathaway។ លោក បានសង្កត់ធ្ងន់ទៀតថា ការពន្លឿងនៃការផ្ទេរទ្រព្យសម្បត្តិរបស់លោក ទៅកាន់មូលធិនិធិសប្បុរសធម៌ឲ្យបានឆាប់រហ័សបែបនេះ គឺដោយសារតែការព្រួយបារម្ភអំពីកត្តាអាយុកូនៗរបស់ខ្លួន។
បុរសវ័យ ៩៥ឆ្នាំរូបនេះ បាននិយាយថា ៖” ផែនការនេះ នឹងជួយបង្កើនលទ្ធភាពដែលកូនៗរបស់ខ្ញុំអាចបែកចែកទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ទៅកាន់អង្គការសប្បុរសធម៌នានា មុនពេលមានអ្នកទទួលបន្ទុកជំនួសពួកគេបន្តទៀត”។
ជម្រាបជូនថា នៅឆ្នាំ២០០៦ លោក Buffett បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយឈ្មោះថា Giving Pledge ដែលមានគោលបំណងបរិច្ចាគ ៩៩% នៃទ្រព្យសម្បត្តិរបស់លោកទៅកាន់អង្គការសប្បុរសធម៌។ បច្ចុប្បន្នលោក Buffett មានទ្រព្យសរុបចំនួន ១៤៩ពាន់លានដុល្លារ ដែលភាគច្រើនទទួលបានពីភាគហ៊ុន Class A របស់ Berkshire ដោយលោកគឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន៕

