វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារសរុបចំនួន ៨៩,៤៣៥កន្លែង ទៅកាន់ខេត្តមណ្ឌលគិរី នៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារទូទៅ បានជួបផ្ទាល់ជាមួយនិយោជក ព្រមទាំងអាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។

វេទិកានេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល នៅទីតាំងចំនួនពីរផ្សេងគ្នា ដោយនៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកកោះញែក ហើយនៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងរៀបចំនៅក្នុងបរិវេណសាលាក្រុងសែនមនោរម្យ។
ទន្ទឹមនឹងការផ្តល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បងប្អូនអតីតពលករ យុវជន និងអ្នកស្វែងរកការងារដែលមានបំណងចូលរួមកម្មវិធី ក៏នឹងទទួលបានការជួយសម្រួលផ្នែកមធ្យោបាយធ្វើដំណើរ ការផ្តល់អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សាធារណជនអាចធ្វើការទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ១២៩៧៕


