ចិន បន្តពន្យារពេលដាក់ពន្ធគយសងសឹកទៅលើសហរដ្ឋអាមេរិក ជាថ្មីម្តងទៀត

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសចិន បានប្រកាសពន្យារពេល ២ខែបន្ថែមទៀត លើការដាក់ចេញពន្ធគយសងសឹកក្នុងអត្រា ២៤% លើទំនិញរបស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តតាមការឯកភាពគ្នាដែលទទួលបានក្រោយកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ កាលពីខែកញ្ញា។ នេះបើតាមការចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៩ ខែវិច្ឆិកា គណៈកម្មការពន្ធនាំចូលនៃរដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងបន្តពន្យារពេលដាក់ពន្ធសងសឹកអត្រា ២៤% លើទំនិញអាមេរិកសម្រាប់រយៈពេលពីរខែបន្ថែមទៀត ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែវិច្ឆិកាតទៅ។ តែទោះជាយ៉ាងណាក៏ដោយ ការដាក់ពន្ធក្នុងអត្រា ១០% នៅតែបន្តអនុវត្តដដែល។ ហេតុដូច្នេះហើយ អត្រាពន្ធនាំចូលបន្ថែមសរុបដែលប្រទេសចិនបន្តអនុវត្តលើទំនិញអាមេរិកភាគច្រើន គឺនៅតែរក្សាត្រឹម ១០% ដដែល ដែលជាអត្រាដូចគ្នាទៅនឹងរយៈពេលមួយឆ្នាំកន្លះ កន្លងមកនេះ។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលប្រទេសចិន បានសម្រេចធ្វើការពន្យារពេលការយកពន្ធទាំងនេះលើសហរដ្ឋអាមេរិកជាច្រើនដងរួចមកហើយ ដោយការពន្យារពេលចុងក្រោយបំផុត គឺត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។

ជម្រាបជូនថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន មានភាពល្អក់កករអស់រយៈពេលជាងមួយឆ្នាំមកហើយ ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងអាណត្តិទីពីររបស់លោកមក។ ការដាក់ពន្ធនាំចូលថ្មីជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីដើមឆ្នាំមុន បានបង្កឱ្យមានវិធានការណ៍សងសឹកយ៉ាងខ្លាំងពីទីក្រុងប៉េកាំង ដែលធ្វើឱ្យអត្រាពន្ធរវាងប្រទេសសេដ្ឋកិច្ចធំៗទាំងពីរស្ទុះឡើងដល់កម្រិតបីខ្ទង់ នៅពេលខ្លះ។ ក្រោយមក ភាពតានតឹងបានធូរស្រាលឡើងវិញ នៅពេលដែលប្រទេសទាំងពីរបានកាត់បន្ថយអត្រាពន្ធមកត្រឹមពីរខ្ទង់វិញ បន្ទាប់ពីមានការចរចាពាណិជ្ជកម្មជាច្រើនជុំមក៕​