បិតាវិនិយោគ Warren Buffett បានឡើងមកកាន់តំណែងជាមហាសេដ្ឋីមានបំផុតលំដាប់ទី៧ លើពិភពលោកវិញ ខណៈពេលដែលមហាសេដ្ឋីវិស័យបន្ទះឈីប លោក Jensen Huang បានធ្លាក់ចេញពីបញ្ជីកំពូលទាំង១០ បន្ទាប់ពីលោកបានសារភាពថាមានទំនាក់ទំនងស្នេហ៍ក្រៅចំណងអាពាហ៍ពិពាហ៍។

យោងតាមបញ្ជីរបស់ទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា លោក Buffett ដែលជាប្រធានកិត្តិយសនៃក្រុមហ៊ុនវិនិយោគ Berkshire Hathaway បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ៤,២ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសរុបរហូតដល់ ១៦៥,៧ពាន់លានដុល្លារ។
ផ្ទុយទៅវិញ លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានធ្លាក់ចេញពីបញ្ជីកំពូលទាំង១០ ទៅកាន់ចំណាត់ថ្នាក់ទី១២ វិញ ដោយទ្រព្យសម្បត្តិសរុបរបស់លោកបច្ចុប្បន្នមានចំនួនប្រមាណ ១៤៧ពាន់លានដុល្លារ។
ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់លោក Huang បានបាត់បង់អស់ចំនួន ៨,៣ពាន់លានដុល្លារកាលពីថ្ងៃពុធ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះ ៥,៤៧%។ លោកគឺជាបុគ្គលដែលបាត់បង់ទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកសម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នា៕

