វេទិកាពិភាក្សាទី៤ នៃ FrancoTech 2026 ជំរុញបច្ចេកវិទ្យាកសិកម្មទំនើប ឆ្លើយតបស្តង់ដានាំចេញអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍ FrancoTech 2026 វេទិកាពិភាក្សាទី៤ ស្តីពីបច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មសម្រាប់សន្តិសុខស្បៀង លើកកម្ពស់កសិកម្មប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៃខ្សែសង្វាក់តម្លៃកសិ-ចំណីអាហារ» ដោយមានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះបានផ្តោតសំខាន់លើទំនើបកម្មបច្ចេកវិទ្យា ដើម្បីពង្រឹងផលិតភាព និងភាពធន់នៃវិស័យកសិកម្ម ដែលរួមមាន កសិកម្មជាក់លាក់ បច្ចេកវិទ្យាអ៊ិនធឺណិតនៃវត្ថុ ជីវបច្ចេកវិទ្យា បច្ចេកទេសកែច្នៃទំនើប និងប្រព័ន្ធឌីជីថលសម្រាប់តាមដានប្រភពគ្រាប់ពូជដែលមានតម្លៃខ្ពស់ សំដៅធានាថាផលិតផលកសិកម្មទាំងអស់បំពេញតាមស្តង់ដានាំចេញអន្តរជាតិ។

កិច្ចពិភាក្សានេះដឹកនាំសម្របសម្រួលដោយ លោកបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការចូលរួមចែករំលែកពីវាគ្មិនអន្តរជាតិ និងជាតិសំខាន់ៗ រួមមាន៖ លោក Sorin CÎMPEANU សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងវេជ្ជសាស្ត្រសត្វ នៃទីក្រុងប៊ុយការ៉ែស ប្រទេសរ៉ូម៉ានី, លោកស្រី Suntheary DE MONTAIGNE អ្នកជំនាញផ្នែកវិនិយោគក្នុងវិស័យកសិពាណិជ្ជកម្ម នៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា, លោក Yoann FAUCHÉ ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន Neotiq ប្រទេសបារាំង និងលោក Charles NAULT អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Logiag ប្រទេសកាណាដា៕