កម្ពុជា-វៀតណាម បានជំរុញ និងលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិននៃប្រទេសទាំងពីរពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែមានផ្លែផ្កាបន្ថែមទៀត។នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនវៀតណាមដែលមានប្រតិបត្តិការនៅកម្ពុជា កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធសរុបប្រមាណ៨០រូប។

ក្នុងឱកាសនោះ សហប្រធានទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ព្រមទាំងបានប្តេជ្ញាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែមានផ្លែផ្កាបន្ថែមទៀត ស្របតាមចក្ខុវិស័យ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិននៃប្រទេសទាំងពីរពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម, ឧស្សាហកម្ម, ភស្តុភារកម្ម, ថាមពល, និងទេសចរណ៍ ក្នុងស្មារតីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សំដៅប្រែក្លាយសក្តានុពលនៃការតភ្ជាប់ទាំងនេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែង និងនាំមកនូវឧត្តមប្រយោជន៍សេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានជំរុញឱ្យវិស័យឯកជនបន្តប្រើប្រាស់យន្តការសេវាថែទាំការវិនិយោគដែលមានស្រាប់ មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-វៀតណាម ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលទាក់ទិននឹងប្រតិបត្តិការធុរកិច្ច។
សូមជម្រាបដែរថា ក្រៅជំរុញវិនិយោគិនប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មហើយនោះ ភាគីទាំងពីរក៏ បានពិនិត្យ និងពិភាក្សា លើបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិនវៀតណាម ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមានកសិកម្ម, បរិស្ថាន, ដែនដី, ពាណិជ្ជកម្ម, គយ និងពន្ធដារ, ធនាគារ, និងហិរញ្ញវត្ថុ៕អត្ថបទ៖ ហ្សាលីន


