សហរដ្ឋអាមេរិក អនុញ្ញាតឲ្យក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដាក់ពង្រាយផ្កាយរណប ១ លានគ្រឿង

អន្តរជាតិ

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានអនុម័តសំណើរបស់ក្រុមហ៊ុន SpaceX ក្នុងការដាក់ពង្រាយផ្កាយរណបចំនួន ១ លានគ្រឿងនៅក្នុងគន្លងតារាវិថី ដើម្បីបម្រើជាមជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) លើទីអវកាសនាពេលអនាគត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានចេញអាជ្ញាបណ្ណកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយតម្រូវឱ្យ SpaceX ចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធផ្កាយរណបដំបូងបំផុតត្រឹមខែវិច្ឆិកា ឆ្នាំ២០៣៣។ ក្រុមហ៊ុនត្រូវសម្រេចឱ្យបាន ១០% នៃចំនួនផ្កាយរណបសរុប ឬ ១០០ ០០០ គ្រឿង ត្រឹមខែវិច្ឆិកា ឆ្នាំ២០៣៥ និង ៥០% ត្រឹមខែវិច្ឆិកា ឆ្នាំ២០៣៨។

ទន្ទឹមនឹងនេះ​ FCC បានបញ្ជាក់ទៀតថា ការអនុម័តនេះនឹងអនុញ្ញាតឱ្យ SpaceX ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងពង្រឹងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងវិស័យអវកាស និងបញ្ញាសិប្បនិម្មិត។

គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ SpaceX បានដាក់សំណើសុំអនុញ្ញាតឱ្យបាញ់បង្ហោះផ្កាយរណបចំនួន ១ លានគ្រឿង ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងលំហអាកាស។ ប្រព័ន្ធនេះនឹងប្រើប្រាស់កុំព្យូទ័រទំនើប StarMind ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធដល់ប្រព័ន្ធ AI ដែលត្រូវការថាមពលគណនាខ្ពស់ និងការប្រើប្រាស់អគ្គិសនីច្រើន។

អ្នកនាំពាក្យ SpaceX បានឱ្យដឹងថា ការប្រើប្រាស់ថាមពលព្រះអាទិត្យនៅក្នុងលំហអាកាស ដែលមានជានិរន្តន៍ អាចជួយកាត់បន្ថយថ្លៃប្រតិបត្តិការ ការថែទាំ និងការប្រើប្រាស់ថាមពល ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន បើប្រៀបធៀបទៅនឹងមជ្ឈមណ្ឌលទិន្នន័យនៅលើផែនដី។

យ៉ាងណាមិញ មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានសរសេរនៅលើបណ្តាញសង្គម X បន្ទាប់ពីទទួលបានអាជ្ញាបណ្ណថា លោកមានការដឹងគុណយ៉ាងខ្លាំង ហើយគម្រោងនេះនឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សហរដ្ឋអាមេរិក និងពិភពលោក៕​