ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងសាលារៀនសុវណ្ណភូមិ សហការជាមួយស្ថាប័ន StudyAdelaide រៀបចំកម្មវិធី «ផ្តល់ព័ត៌មានសិក្សានៅរដ្ឋអូស្ត្រាលីខាងត្បូង ឆ្នាំ២០២៦» បើកឱកាសសិក្សាកម្រិតអន្តរជាតិជូនសិស្សានុសិស្សនៅសាលារៀនសុវណ្ណភូមិ

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប (NTC Group) និងសាលារៀនសុវណ្ណភូមិ ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័ន StudyAdelaide បានរៀបចំកម្មវិធី «ផ្តល់ព័ត៌មានសិក្សានៅរដ្ឋអូស្ត្រាលីខាងត្បូង ឆ្នាំ២០២៦» (Study Adelaide Information Day 2026) នៅសាលារៀនសុវណ្ណភូមិ ទីតាំងស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានអញ្ជើញជាអធិបតីបើកកម្មវិធីនេះជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី លោក Raymond Peter ប្រធានគម្រោង និងជាអ្នកសម្របសម្រួលទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃស្ថាប័ន StudyAdelaide គណៈប្រតិភូ និងតំណាងអន្តរជាតិមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅរដ្ឋអូស្ត្រាលីខាងត្បូង អតីតនិស្សិតនៃស្ថាប័ន StudyAdelaide ព្រមទាំងប្រធាននាយកដ្ឋាន គណៈគ្រប់គ្រង នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោក ឃឹម ផុន បានគូសបញ្ជាក់ថា ការផ្តល់ព័ត៌មានសិក្សានេះ គឺជាសមិទ្ធផលដ៏សំខាន់ និងគួរឱ្យរំភើបមួយសម្រាប់សាលារៀន និងកម្មវិធីអប់រំទាំងអស់របស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ក្នុងការបើកផ្លូវឆ្ពោះទៅកាន់កម្មវិធីអប់រំកម្រិតពិភពលោក និងការបន្តការសិក្សាកម្រិតអន្តរជាតិនៅប្រទេសអូស្ត្រាលីសម្រាប់សិស្សានុសិស្ស និងសិស្សបញ្ចប់ការសិក្សា។

លោកប្រធាននាយកប្រតិបត្តិបានមានប្រសាសន៍ថា៖ «នៅស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងសាលារៀនសុវណ្ណភូមិ យើងប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដែលជួយជំរុញ និងពង្រឹងសមត្ថភាពសិស្សានុសិស្សរបស់យើងឱ្យរីកចម្រើន ដើម្បីទទួលបានជោគជ័យទាំងក្នុងការសិក្សា និងអាជីពការងារលើឆាកអន្តរជាតិ»។

ដើម្បីគាំទ្រដល់ដំណើរសិក្សារបស់សិស្សានុសិស្សប្រកបដោយភាពជោគជ័យ សាលារៀនបានផ្តល់ជូននូវកម្មវិធីសិក្សាជាតិ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយកម្មវិធីសិក្សា SACE សម្រាប់សិស្សានុសិស្សក្នុងកម្មវិធីសិក្សាអន្តរជាតិបីភាសា (ITP) ដែលផ្តល់លទ្ធភាពចូលសិក្សាដោយផ្ទាល់នៅរដ្ឋអូស្ត្រាលីខាងត្បូង និងប្រព័ន្ធអប់រំអន្តរជាតិ។ បន្ថែមពីនេះ សិស្សានុសិស្សក៏ទទួលបានការបណ្តុះបណ្តាលសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់តាមរយៈកម្មវិធីភាសាអង់គ្លេសទូទៅ (General English Program) ដែលទទួលស្គាល់ដោយ Cambridge English Assessment និង IELTS ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្លូវសិក្សា អាជីពការងារ និងគោលដៅជីវិតនាពេលអនាគតក្រោយពេលបញ្ចប់ថ្នាក់វិទ្យាល័យ។

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័ន StudyAdelaide កម្មវិធីនេះបាននាំយកឱកាសឧត្តមសិក្សាកម្រិតសកលមកដល់បរិវេណសាលាផ្ទាល់ ដើម្បីណែនាំដល់សាលារៀន កសាងសហគមន៍គាំទ្រដ៏រឹងមាំ ផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ដល់មាតាបិតា និងសិស្សានុសិស្ស ចែករំលែកបទពិសោធន៍វប្បធម៌រវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងលើកកម្ពស់កម្មវិធីអប់រំអន្តរជាតិ។ ក្នុងឱកាសនោះ មានការចូលរួមពីតំណាងស្ថាប័នអប់រំឈានមុខគេរបស់ប្រទេសអូស្ត្រាលី រួមមាន៖
– Adelaide University
– Flinders University
– Le Cordon Bleu
– Stanley College
– Torrens University
– University of the Sunshine Coast (UniSC)
– អតីតនិស្សិតនៃស្ថាប័ន StudyAdelaide (Alumni of StudyAdelaide)

ថ្លែងទៅកាន់មាតាបិតា លោក ឃឹម ផុន បានសម្តែងការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងទឹកចិត្តក្នុងការអប់រំបុត្រធីតាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ដោយលោកបានសង្កត់ធ្ងន់ថា ការជ្រើសរើសសាកលវិទ្យាល័យ និងគោលដៅសិក្សាដ៏ត្រឹមត្រូវ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយរបស់គ្រួសារ។ លោកបានបន្តថា អ៊ិន ធី ស៊ី គ្រុប និងសាលារៀនសុវណ្ណភូមិ ចែករំលែកចក្ខុវិស័យរួមជាមួយមាតាបិតា ចំពោះសុវត្ថិភាព សុភមង្គល និងសមិទ្ធផលសិក្សារបស់កុមារ និងយុវជន ព្រមទាំងសង្ឃឹមថាវគ្គព័ត៌មាននេះនឹងផ្តល់នូវទំនុកចិត្ត និងភាពច្បាស់លាស់អំពីផ្លូវសិក្សា បណ្តាញគាំទ្រ និងលទ្ធផលអាជីពការងារនៅរដ្ឋអូស្ត្រាលីខាងត្បូង តាមរយៈភាពជាដៃគូអប់រំរបស់ អ៊ិន ធី ស៊ី។

ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីកម្មវិធីនេះ តាមរយៈការសួរសំណួរ ការជជែកពិភាក្សាដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យនៅតាមស្តង់នីមួយៗ ការស្វែងយល់អំពីកម្មវិធីអាហារូបករណ៍ និងការកសាងក្តីស្រមៃដ៏ធំសម្រាប់ដំណើរសិក្សាជាសកលរបស់ខ្លួន។

ក្នុងនាម អ៊ិន ធី ស៊ី គ្រុប និងសាលារៀនសុវណ្ណភូមិ លោក ឃឹម ផុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូរដ្ឋអូស្ត្រាលីខាងត្បូង ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមជំរុញទឹកចិត្តដល់យុវជន និងសិស្សានុសិស្សកម្ពុជាជំនាន់ក្រោយឆ្ពោះទៅកាន់ការសិក្សាកម្រិតសកល ព្រមទាំងផ្តល់ការប្រឹក្សាសិក្សា និងព័ត៌មានអាហារូបករណ៍ដោយផ្ទាល់។ លោកក៏បានថ្លែងអំណរគុណដល់ស្ថាប័ន StudyAdelaide តំណាងស្ថាប័នអប់រំទាំងអស់ គណៈកម្មការរៀបចំ នាយកសាលារៀនសុវណ្ណភូមិ និងក្រុមការងារប្រតិបត្តិការទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការដឹកនាំ និងរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ៕