ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីកើនដល់២.១ ប៊ីលានដុល្លារ ត្រឹម៦ខែឆ្នាំ២០២២នេះ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វភាគី រវាងកម្ពុជា និងសិង្ហបុរី បានកើនឡើងដល់២.១ ប៊ីលានដុល្លារ។នេះបើតាមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ និងខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី ដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royalកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានរំលឹកពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ។

ជាមួយគ្នានេះ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអរគុណចំពោះ ការគាំទ្ររបស់ឯកឧត្តម Gan Kim Yong រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី លើគន្លឹះអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសិង្ហបុរីនិងសមាជិកអាស៊ានដ៏ទៃទៀត ដើម្បីធានាឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុនេះផងដែរ។

គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់២.១ ប៊ីលានដុល្លារ ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ យ៉ាងណាក្តី។នេះបើតាមការឲ្យដឹងពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕