មានរោងចក្រសហគ្រាសរហូតជាង ៣ពាន់ បានបើកថ្មីនៅទូទាំងប្រទេសកម្ពុជា ត្រឹម៦ ខែ ឆ្នាំ២០២៤នេះ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ នៅកម្ពុជា មានរោងចក្រសហគ្រាស បានបើកថ្មីចំនួន ៣,៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤រោងចក្រ ។នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាសដែលសម្តេបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានឱ្យដឹងបន្ថែមថា រយៈពេល៦ខែមកនេះ ពោលគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួន ៣,៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ចំនួន ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋចំនួន ៧៧,២០៩នាក់។

ដោយសម្តេច បានបន្តថា៖«បើយើងមើលពាក់ព័ន្ធទៅនឹងសហគ្រាសទាំងចុះនៅក្នុង CDC ទាំងមិនបានចុះនៅ CDC ប្រភពពីក្រសួងការងារ ក្នុងរយៈពេល៦ខែនេះ ពីថ្ងៃទី៣១ ខែ៨ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែ២ ឆ្នាំ២០២៤ រាងចក្រសហគ្រាសសរុប ដែលបានបើកថ្មី គឺមាន៣,៣១៣ ក្នុងនោះក្នុងវិស័យកាត់ដេរ ១៦៤រោងចក្រ បង្កើតការងារ ៥២,៥៩៧កន្លែង និងសហគ្រាសក្រៅពីវិស័យកាត់ដេរ មាន ៣,១៤៩ មានតូច មានធំ ដែលបង្កើតការងារជាង ២៤,៦១២នាក់ សរុប គឺ ៧៧,២០៩នាក់ ដែលបានបង្កើតការងារថ្មីជាមួយនឹងសហគ្រាស ៣,៣១៣»

បន្ថែមពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងដើរទាក់ម៉ូយក្នុងការវិនិយោគលើគ្រប់វិស័យ ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ដែរថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានឱ្យដឹងដែរថា ត្រឹមមួយខែកុម្ភៈ ឆ្នាំ២០២៤នេះដែរ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕