សណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ ទីតាំង បើកទទួលភ្ញៀវឡើងវិញ បន្ទាប់ពីប៉ះពាល់ដោយកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

សណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ ទីតាំង បានបើកដំណើរជាធម្មតាវិញហើយ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ​២០២២ ខណៈជិត ២០០ ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន ៧៣៩ទីតាំង ក្នុងនោះ ៥២០ទីតាំងកំពុងបើកដំណើរការ ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប ២៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និង​បិទ​អាជីវកម្ម។

លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍​ថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តនេះប្រមាណ ៩០%បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។

លោក​បានគូសបញ្ជាក់ថា ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានប្រមាណ ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។

រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួន​នៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។

នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តមកកម្ពុជាមាន ប្រមាណ ៥០០០ នាក់ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី៧០០នាក់ទៅ ៨០០ នាក់ នៅក្នុងមួយថ្ងៃ។

លោក​បានបន្ថែមថា «នៅក្នុងរដូវកាលមានទេសចរណ៍ច្រើន ចាប់ពីខែតុលា វិច្ឆិកា ធ្នូ អាចថាដល់ពេលនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឡើងច្រើន ដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទកន្លងទៅ ក៏គាត់អាចបើកបន្តថែមទៀតដែរ»។

លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារ និងជាម្ចាស់សណ្ឋារគារមានទីតាំងនៅខេត្តក្រចេះ និងរតនគិរី បានប្រាប់ថា បន្ទាប់ពីវិស័យទេសចរណ៍ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗនេះ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានដំណើរការល្អជាងមុន ប៉ុន្តែយ៉ាងណាពួកគេនៅតែមានបញ្ហាប្រឈម ដោយសារខ្វះខាតបុគ្គលិក និងថវិកា ដែលធ្វើឱ្យការបម្រើសេវាកម្មភ្ញៀវ នៅមានភាពខ្វះចន្លោះ។

លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា «តាមការធ្វើដំណើររបស់ខ្ញុំ ពីខេត្តមួយទៅខេត្តមួយ ឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់ ពុំទាន់បានបើកឡើងវិញ១០០% ដូចកាលមុនកូវីដទេ។ ការមិនទាន់បើកទ្វាររបស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន គឺដោយសារទី១ កត្តាខ្វះទុន បើកឡើងវិញ ព្រោះថាការបើកសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវការថវិកាគួរសមដែរ ទៅតាមប្រភេទអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារតាមលំដាប់ ទី២.ខ្វះបុគ្គលិកជំនាញ អ្នកគ្រប់គ្រងជាដើម ព្រោះថារយៈពេលដែលបិទទ្វារក្នុងពេលកូវីដនេះ គឺបុគ្គលិកជំនាញទេសចរណ៍ គាត់ទៅធ្វើការកន្លែងផ្សេង និងមួយទៀតដែរ ភ្ញៀវទេសចរបរទេស ដែលមកស្រុកខ្មែរក៏មានកម្រិតដែរ។ អីចឹងអ្នកដែលមិនទាន់បើកទ្វារ ដោយសារគាត់មិនទាន់សង្ឃឹមថា បានភ្ញៀវគួរសម ដើម្បីទប់ទល់នឹងចំណាយ ធ្វើឱ្យទន្ទឹងចាំមើលបន្តិចទៀត។ ហេតុនេះបានជាយើងឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់បើកជាបណ្តើរៗ គឺមិនមែនបើកក្នុងមួយខែ ឬបើកស្រុះគ្នានៅក្នុងឆ្នាំនេះទេ»។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅកម្ពុជាមានជិត៨ពាន់អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។ ក្នុងនោះដែរខេត្តសៀមរាប ដែលមានមូលដ្ឋានអាជីវកម្ម ១១៩៦ ក្នុងនោះ អាជីវកម្ម៦៥១ នៅបន្តផ្អាក និងបិទទ្វារ៕