កុំភ្លេចណា! ព្រឹត្តិការណ៍ពិព័រណ៍រថយន្តលើកទីមួយមិនធ្លាប់មាននៅកម្ពុជា នឹងរៀបចំឡើងនាថ្ងៃទី២៧ និង២៨ ខែមេសាខាងមុខ

អាជីវកម្ម

ចូលរួមដោយសេរី ពិព័រណ៍រថយន្តធំបំផុតមិនធ្លាប់មាននៅកម្ពុជា Auto Show 2024 នឹងធ្វើឡើងរយៈពេលពីរថ្ងៃ ពោលពីថ្ងៃទី២៧ និងទី២៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខ រួមជាមួយនឹងការដាក់តាំងបង្ហាញនូវម៉ូឌែលរថយន្តខ្លាញ់គោថ្មីៗ ព្រមទាំងមានការប្រគំតន្ត្រីពីតារាល្បីៗប្រចាំប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនឈានដល់ថ្ងៃតាំងពិព័រណ៍រថយន្តជាផ្លូវការ ក្នុងនោះក៏មានការរៀបចំសន្និសីទសារព័ត៌មានមួយនាថ្ងៃទី២២ ខែមេសាផងដែរ ដើម្បីបកស្រាយនូវសំណួរផ្សេងៗរបស់ក្រុមអ្នកសារព័ត៌មានដែលបានអញ្ជើញចូលរួម ខណៈដែលលោក មីលី ហ្គុជមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានលើកឡើងដូច្នេះថា គោលបំណងចម្បងដែលរៀបចំពិធីពិព័រណ៍រថយន្តនេះឡើង គឺមានទិសដៅចង់ឲ្យក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន។

លើសពីនោះ លោកបានបន្ថែមថា ព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាននេះ គឺមានគោលបំណងដើម្បីផ្តល់ភាពងាយស្រួលចំពោះក្រុមហ៊ុនក្រៅប្រទេស ឬក្នុងប្រទេស និងអ្នកចែកចាយរថយន្តផ្សេងៗ ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងក្រុមហ៊ុនផលិត និងអតិថិជនដែលជាអ្នកប្រើប្រាស់។ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺចង់បង្កើនការទាក់ទាញដល់អតិថិជនឲ្យងាកមកប្រើប្រាស់រថយន្តថ្មីៗ ជំនួសរថយន្តមួយតឹក ហើយចង់បង្ហាញពីភាពយល់ដឹង និងការរីកចម្រើនលូតលាស់របស់ប្រជាពលរដ្ឋកម្ពុជា សម្រាប់ការជាវរថយន្តថ្មីៗទំនើបៗ យកមកប្រើប្រាស់ ដើម្បីឲ្យមានភាពច្បាស់លាស់អំពីសេវាកម្មថែទាំ ទាំងគុណភាព សុវត្ថិភាព និងតំលៃនៅលើទីផ្សារ។

គួរបញ្ជាក់បន្ថែមថា កម្មវិធីតាំងពិព័រណ៍រថយន្ត Auto Show 2024 នឹងប្រារព្ធធ្វើឡើងនៅទីតាំងអាគារមង្គលការ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃទី២៧ និង២៨ ខែមេសាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕