នាល្ងាចថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម និងជាតំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកចូលរួម «ជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងវិស័យសុខាភិបាល ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្ម សមាគម វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូប មកពីប្រទេសទាំងពីរ។

គោលបំណងនៃជំនួបផ្គូផ្គងធុរកិច្ចនេះ គឺដើម្បីជាវេទិកាសម្រាប់ធុរជនកម្ពុជា និងឥណ្ឌាជួបជុំគ្នាកសាងទំនាក់ទំនងធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូវិនិយោគទៅវិញទៅមកក្នុងវិស័យសុខាភិបាល ដោយផ្ដោតជាពិសេសលើផ្នែកវេជ្ជសាស្រ្ត និងឱសថ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីផ្លូវច្បាប់នានា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មក្នុងវិស័យទាំងនេះផងដែរ៕















