លោកអ្នកឧកញ៉ា លាង ឃុន តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំគណៈប្រតិភូសមាជិកសមាគមឧកញ៉ាកម្ពុជាប្រមាណជាង ៦០ រូប ចូលជួបសម្តែងការគួរសម និងប្រគល់-ទទួលថវិកាជូនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

សមាគមឧកញ៉ាកម្ពុជា

នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជានៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា ឱ្យដឹកនាំគណៈប្រតិភូសមាជិកសមាគមឧកញ៉ាកម្ពុជាប្រមាណជាង ៦០ រូប ចូលជួបសម្តែងការគួរសម និងប្រគល់-ទទួលថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជានៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា លាង ឃុន បានរាយការណ៍ដោយសង្ខេប ពីការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពសង្គមកិច្ច និងសប្បុរិសធម៌ ពិសេសការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដោយជារៀងរាល់ឆ្នាំ សមាគមឧកញ៉ាកម្ពុជា តែងតែអំពាវនាវដល់សមាជិកទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា តាមរយៈសមាគមឧកញ៉ាកម្ពុជាទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ជាក់ស្តែងនៅឆ្នាំ២០២៦នេះ មានសមាជិកចំនួន ៧៩រូប បានបរិច្ចាគថវិកាសរុបចំនួន ១,០០៩,៩៩៩ ដុល្លារ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា៖ «ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជំនួយបន្ទាន់មួយសម្រាប់ជួយដល់គ្រួសារដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្ត និងជាក្តីសង្ឃឹមសម្រាប់គ្រួសារភៀសសឹក គឺជាការផ្តល់កម្លាំងចិត្ត ដល់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថា ពួកគាត់ មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ។ សប្បុរសជនគឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយ ដែលទៅដល់ដៃអ្នករងគ្រោះ។»

ឆ្លៀតក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា លាង ឃុន បានថ្លែងកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ ដែលតែងតែបរិច្ចាគថវិកាតាមរយៈ សមាគមឧកញ៉ាកម្ពុជា នូវរាល់ពេលមានការអំពាវនាវរបស់ថ្នាក់ដឹកនាំម្តងៗ នាពេលកន្លងមក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសង្គមកិច្ច និងសប្បុរិសធម៌នានា ហើយសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅតែបន្តចូលរួមសកម្មភាពទាំងនេះជាមួយសមាគមដើម្បីបង្ហាញពីសាមគ្គីភាពដ៏រឹងមាំនៅក្នុងមហាគ្រួសារឧកញ៉ាកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចធិបតី ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីខ្មែរខ្លាំង។

លោកអ្នកឧកញ៉ា លាង ឃុន បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៦, នេះគឺជា លើកទី៥ហើយ ដែលសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលមានសមាជិកជាង ៤៣០រូប បានបរិច្ចាគ ស្មើនឹងថវិកាសរុបចំនួន ៦,៤៦០,២២០ ដុល្លារ។

បន្ថែមពីលើនេះ សមាគមក៏បានចំណាយធនធានជាច្រើនទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជារួម និងដោយឡែកជាមួយកាកបាទក្រហម រួមទាំងសកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀត៕