ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ សហស្ថាបនិកមួយរូប ដែលបានចូលរួមក្នុងការបង្កើតសមាគមឧកញ៉ាកម្ពុជា ព្រមទាំងបានបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាអគ្គលេខាធិការតាំងពីសមាគមនេះត្រូវបានបង្កើតជាផ្លូវការនោះ ត្រូវបានផ្តល់ការទុកចិត្ត និងដំឡើងឋានៈជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា» ចាប់ពីខែកក្កដា ឆ្នាំ២០២៦នេះតទៅ។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ក្នុងពេលបំពេញតួនាទីជាអគ្គលេខាធិការរបស់សមាគម ចាប់តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ មកនោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបំពេញតួនាទីយ៉ាងសកម្ម ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីដឹកនាំអគ្គលេខាធិការដ្ឋានដែលជាសេនាធិការលើការបំពេញការងារប្រចាំថ្ងៃរបស់សមាគម។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏ជាសមាសភាពតំណាងសមាគមឧកញ៉ាកម្ពុជា នៅក្នុងស្ថាប័នសំខាន់ៗមួយចំនួនផងដែរដូចជា៖ គណៈកម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ.) និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ជាដើម។
សូមជម្រាបដែរថា យោងលើឯកសារជីវប្រវត្តិផ្ទាល់ខ្លួនបានឱ្យដឹងថា អ្នកឧកញ៉ា ហ៊ុន ឡាក់ បានកើតនៅក្នុងឆ្នាំ១៩៦៦ នៅក្រុងភ្នំពេញ។ ក្រោយរបបខ្មែរក្រហម លោកបានចាប់ផ្តើមដោយការលក់នំ ដើម្បីជីវភាពក្នុងវ័យ១៤ឆ្នាំ ហើយដោយមានឈាមជ័រជាសហគ្រិនទាំងវ័យក្មេង លោកបានខិតខំតស៊ូពីបាតដៃទទេរហូតនៅឆ្នាំ១៩៨៩ លោកបានរៀបអាពាហ៍ពិពាហ៍ និងបានរួមគ្នាបង្កើតក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងទេសចរណ៍ជាមួយបងប្រុសរបស់លោក។
នៅក្នុងឆ្នាំ១៩៩៦ លោកបានបង្កើតក្រុមហ៊ុនផ្តល់សេវាទូទៅផ្នែកអនាម័យ និងកម្ចាត់សត្វល្អិតដែលចាប់ផ្តើមពីបុគ្គលិកជាងដប់នាក់ និងបានពង្រីករហូតបានជាងមួយពាន់នាក់។ ក្រោយទទួលបានការរីកចម្រើន លោកក៏បានពង្រីកមុខរបរអាជីវកម្មជាបន្តបន្ទាប់។ អ្នកឧកញ៉ា ក៏ធ្លាប់មានតួនាទីជា អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
បច្ចុប្បន្ន អ្នកឧកញ៉ា ហ៊ុន ឡាក់ មានក្រុមហ៊ុនមួយចំនួនរាប់បញ្ចូលទាំងក្រុមហ៊ុនក្នុងវិស័យកសិពាណិជ្ជកម្មជាដើម។ ជាពិសេសក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះ លោកបានប្រឹងប្រែងរកលទ្ធភាពទំនាក់ទំនងបើកទីផ្សារនិងបង្កើនខ្សែច្រវាក់តម្លៃបន្ថែមក្នុងស្រុក ដើម្បីធ្វើឱ្យក្រុមហ៊ុនបន្តមាននិរន្តរភាពនិងភាពរីកចម្រើនចូលរួមក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានច្រើន។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយដល់សកម្មភាពសប្បុរិសធម៌នានាដូចជា បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា, សកម្មភាពបោសសម្អាតគ្រាប់មីន, ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យហ្លួងម៉ែតាមរយៈមូលនិធិគ្រូពេទ្យយុវជនស្ម័គ្រចិត្តធីតា (T.Y.D.A.) ជាដើម។ អ្នកឧកញ៉ា ទទួលបានមេដាយជាតិជាបន្តបន្ទាប់ថ្នាក់មុនីសារភ័ណ្ឌ, ថ្នាក់មហាសេរីវឌ្ឍន៍, និងមេដាយថ្នាក់កំពូល «ជាតូបការ» ក្នុងឆ្នាំ២០១៧ ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕









