ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត Full MV ចម្រៀង « បើគេសួរអូន » របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រៀមនឹងចេញជាផ្លូវការនាពេលឆាប់ៗខាងមុខនេះហើយ ហើយអ្វីដែលកាន់តែពិសេសនោះ គឺអ្នកដឹកនាំបានជ្រើសរើសលោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅកំពូលតារាចម្រៀងលោកឧកញ៉ា ព្រាប សុវត្ថិ ឱ្យចូលរួមសម្តែងនៅក្នុង MV ចម្រៀងនេះផងដែរ ។

បទចម្រៀង « បើគេសួរអូន » បានចេញជា Audio ជាង៥ខែហើយ ហើយបទចម្រៀងមួយបទនេះពិតជាផ្ទុះខ្លាំងពេញបណ្តាញសង្គម និងមានអ្នកយកទៅលេង TikTok រាប់លាននាក់ដោយសារបទចម្រៀងមនោសញ្ចេតនាមួយបទនេះ បង្កប់ទៅដោយការឈឺចាប់បែកបាក់ស្នេហា ចាក់ដោតអារម្មណ៍ទស្សនិកជនជាច្រើនឱ្យស្លុងនឹងបទចម្រៀងមួយបទនេះ ។

កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ក៏បានលើកយកបទចម្រៀង « បើគេសួរអូន » ទៅច្រៀងនិងសម្តែងរាល់ពេលឡើងឆាកប្រគំតន្រ្តីធំៗផងដែរ ដើម្បីឆ្លើយតបតាមការសំណូមពររបស់អ្នកគាំទ្រ ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺដើម្បីឆ្លើយតបតាមសំណូមពរ បទចម្រៀង « បើគេសួរអូន » របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រៀមនឹងចេញជា Full MV ក្នុងពេលឆាប់ៗ ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៦ ខាងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទើបតែប្រកាសត្រៀមចេញ Full MV ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ ថ្វីដ្បិតតែក្នុងវិដេអូចម្រៀងនេះ ទើបតែបង្ហាញក្បាលសាច់រឿងបានបន្តិច ប៉ុន្តែពិតជាធ្វើឱ្យអ្នកទស្សនា ចង់មើលសាច់រឿងទាំងមូលណាស់ ពីព្រោះការសម្តែងរបស់តារាចចម្រៀងវ័យក្មេងលោក សុវត្ថិ សិរីវុឌ្ឍ និងកញ្ញា ឌៀប សុហ្វៀរ៉ា ពិតជាទាក់ទាញអារម្មណ៍ទស្សនិកជនខ្លាំងណាស់ ។

គួរបញ្ជាក់ផងដែរថា គ្រាន់តែឈុតខ្លីនៅក្នុង MV ចម្រៀង « បើគេសួរអូន » ត្រូវបានផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បង្ហោះភ្លាម មានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ហើយម្នាក់ៗថែមទាំងបានខមមិនថា សូមឱ្យ Full MV ចេញក្នុងពេលឆាប់ៗ …។

កុំភ្លេចតាមដានទស្សនា Full MV « បើគេសួរអូន » របស់កំពូលតារាចម្រៀងលោកឧកញ៉ា ព្រាប សុវត្ថិទាំងអស់គ្នា ធានាថា ក្នុង Full MV ចម្រៀងមួយបទនេះ ពិតជាប្លែកភ្នែក ចម្លែកអារម្មណ៍ ទាំងការសម្តែង និងសាច់រឿង… ៕

