អ្នកជំនាញក្នុងវិស័យទេសចរចង់ឱ្យមានការច្នៃប្រឌិតលើមុខម្ហូបខ្មែរដើម្បីទាញប្រយោជន៍ពីភ្ញៀវទេសចរ

កម្សាន្ត

ប្រធានសមាគមទេសចរណ៍កម្ពុជាមើលឃើញថាការច្នៃប្រឌិតលើមុខម្ហូបខ្មែរនាពេលកន្លងមកមានមិនច្រើនោះទេសម្រាប់ផ្តល់ជូនភ្ញៀវទេសចរបរទេស ហេតុដូចនេះអ្នកជំនាញចង់ឃើញអ្នកធ្វើធុរកិច្ចក្នុងស្រុកដែលពាក់ព័ន្ធលើមុខម្ហូបអាហារខ្មែរត្រូវមានការច្នៃប្រឌិតមុខម្ហូបខ្មែរឱ្យបានកាន់តែដើម្បីទាញយកប្រយោជន៍ពីបណ្តាភ្ញៀវទេសចរបរទេសដែលចូលកម្សាន្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា មុខម្ហូបខ្មែររសជាតិមានការដាក់គ្រឿងផ្សំខ្លំាងពេក(ច្រើន) សម្រាប់ភ្ញៀវទេសចរបរទេសពិបាកទទួលយកណាស់ អីចឹងយើងត្រូវបំប្លែងឱ្យទៅរាងសាប។ឧទាហរណ៍ម្ហូបតុងយុំារបស់ប្រទេសថៃមានការដាក់គ្រឿងផ្សំក្រាស់ឬខ្លំាងមែនទែន ប៉ុន្តែគេចេះច្នៃប្រឌិតធ្វើឱ្យម្ហូបមួយមុខនេះរាងសាបបន្តិចជាហេតុធ្វើឱ្យអ្នកទទួលទានទោះបីមិនហូបជាមួយបាយ ហូបលេងទទេក៏បានដែរ។

លោកជំទាវលើកឡើងថា នៅកម្ពុជាមានកន្លែងកែច្នៃលើមុខម្ហូបក្នុងស្រុកនៅមានទ្រុងទ្រាយតូច តែបើយើងចេះច្នៃប្រឌិតទៅលើមុខសម្លរបស់យើងដូចជា សម្លកកូ ប្រហើរធ្វើម៉េចកុំឱ្យខាប់ពេកឬរាវពេក ហើយរសជាតិរាងសាបបន្តិច អាចធ្វើឱ្យភ្ញៀវបរទេសចរគឺអាចទទួលទានបាន។

លោកជំទាវ មានប្រសាសន៍ថា យើងចង់ឱ្យអ្នកផ្តល់សេវាលើមុខម្ហូបអាហារក្នុងស្រុកត្រូវចេះច្នៃប្រឌិតឱ្យបានច្រើនដើម្បីអាចទទួលភ្ញៀវទេសចរបាន ហើយកន្លងមកនេះយើងនៅមិនទាន់បានធ្វើការច្នៃប្រឌិតទៅលើរសជាតិម្ហូបអាហាររបស់ខ្មែរទេ។ កាលណាយើងយកមុខម្ហូបថៃ គ្រឿងផ្សំរបស់ថៃដែលគេកែច្នៃប្រឌិតហើយស្រាប់ យកទៅឱ្យភ្ញៀវ ហើយភ្ញៀវទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ វាធ្វើឱ្យបាត់អត្តសញ្ញាណមុខម្ហូបរបស់ខ្មែរ។

លោកជំទាវ ឆាយ ស៊ីវលីន

បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា «បច្ចុប្បន្ននេះខ្ញុំចង់ឱ្យអ្នកជំនាញលើមុខម្ហូបអាហាររបស់ខ្មែរយើង ចង់ឱ្យគាត់សិក្សាបន្ថែម ហើយចេះច្នៃប្រឌិតបន្ថែមឱ្យមានភាពទូលំទូលាយបន្តិច។គាត់ត្រូវមានក្រុមមួយនៅក្នុងការច្នៃប្រឌិតម្ហូបអាហារនេះ ហើយគាត់ត្រូវមានការចែករំលែកទៅក្រុមអ្នកធ្វើម្ហូបទូទៅដើម្បីឱ្យគេជួយផ្សព្វផ្សាយបន្ត។លើសពីនេះព្យាយាមកោះកកាយរកនូវមុខម្ហូបរបស់ខ្មែរដែលធ្លាប់មានចងក្រងទុកនៅក្នុងព្រះបរមរាជវាំង អាចសុំយកមកចម្លងខ្លះៗដើម្បីអាចធ្វើការច្នៃប្រឌិតបន្ថែមសម្រាប់បម្រើទៅដល់ភ្ញៀវទេសចរ ជាការលើកតម្កើងនៅកិត្យានុភាពរបស់កម្ពុជា»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានសង្កេតឃើញថាកន្លងមកនេះឃើញថាកម្ពុជានាំចូលនៅបន្លែ កសិផលនិងគ្រឿងបរិភោគមកពីប្រទេសចិន ដើម្បីឆ្លើយតបឬផ្គត់ផ្គង់សេវាម្ហូបអាហារទៅដល់ភ្ញៀវទេសចរចិន ហើយបានបន្តមានលក់ដល់ពេលបច្ចុប្បន្ននេះ ដោយសារតែប្រជាជនចិន គាត់មិនសូវជាទុកចិត្តទៅលើគុណភាពគ្រឿងបរិភោគរបស់កម្ពុជា ធ្វើឱ្យជនជាតិចិនប្រើប្រាស់ផលិតផលនិងរស់ជាតិរបស់ខ្លួន។

បណ្ឌិត គី សេរីវឌ្ឍន៍

លោកបណ្ឌិតលើកឡើងថា «ដើម្បីគាំទ្រលើចំណុចនេះ យើងត្រូវសិក្សាអំពីរស់ជាតិលើគ្រឿងបរិភោគរបស់ចិនហើយយើងត្រូវតែផលិតជំនួសឱ្យការនាំចូលឱ្យបាន ហើយគ្រប់ផលិតផលរបស់កម្ពុជាត្រូវតែមានស្តង់ដានិងត្រូវមានផ្លាកសញ្ញាជាអក្សរចិន ដើម្បីឱ្យសិប្បកម្មក្នុងស្រុកអាចឈានចូលទៅក្នុងទីផ្សារសម្រាប់ភ្ញៀវទេសចរចិនបាន។បើពុំដូច្នោះទេ ពេលភ្ញៀវទេសចរចិនចូលមកនិងមានការនាំចូលផលិតផលរបស់ខ្លួនកាន់តែច្រើន នោះវានិងធ្វើឱ្យមានការខាតបង់ឬធ្វើឱ្យកម្ពុជាមិនអាចទទួលបានផលកម្រៃច្រើន តែផ្ទុយទៅវិញវាបែរទៅជាជួយដល់សេដ្ឋកិច្ចចិនកាន់តែប្រសើរជាងមុនទៅទៀត»។

តាមលោកបណ្ឌិតគីសេរីវឌ្ឍន៍ថា តាមការសិក្សាកាលឆ្នាំ២០១៩កន្លងមកឃើញថាភ្ញៀវទេចរចិនមានការចាយវាយជាមធ្យមក្នុងរង្វង់ពី៣០០ទៅ១.០០០ដុល្លារអាមេរិកក្នុងម្នាក់ ហើយភ្ញៀវចរអឺរ៉ុបវិញគាត់ចាយវាយពី៤០០ទៅ៦០០ដុល្លារអាមេរិកក្នុងម្នាក់នៅពេលពួកគាត់ចូលមកទស្សនៈកិច្ចនៅកម្ពុជាម្តង៕ អត្ថបទ៖សារេត