អាកាសា មេឌា សឹលូសិន ក្រុមហ៊ុនបុត្រសម្ព័ន្ធ លី ហួរ​ គ្រុប បើកដំណើរការជាផ្លូវការរួមចំណែក អភិវឌ្ឍវិស័យសិល្បៈទី៧ របស់ខ្មែរ

កម្សាន្ត

កាលពីព្រឹកថ្ងៃទី០១ មីនា ឆ្នាំ ២០២៣ នេះ ថ្នាក់ដឹកនាំក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំកម្មវិធី បើកសម្ពោធដំណើរការក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ដល់សេវាកម្មថ្មីសន្លាងមួយបន្ថែមទៀត ឈ្មោះថា អាកាសា មេឌា សឹលូសិន ក្រោមវត្តមានចូលរួមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកឧកញ៉ា លី ហួរ ឧកញ៉ា លី សុភ័ក្តិ តារាសម្ដែងប្រុសស្រីល្បីៗជួរមុខនៅកម្ពុជា និងភ្ញៀវកិត្តយសជាច្រើនរូបទៀត។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកម្មវិធី លោកឧកញ៉ាលីសុភ័ក្ត ភាគទុនិក របស់ក្រុមហ៊ុនអាកាសា មេឌា សឹលូសិន មានប្រសាសន៍ថា៖ “ស្លាកសញ្ញានៃក្រុមហ៊ុន អាកាសា ជាឈ្មោះដែលបង្ហាញពីភាពទូលំទំលាយគ្មានដែនកំណត់ ហើយសម្រាប់ស្លាកសញ្ញានៃអាកាសា ដោយឆ្លងកាត់ការអភិវឌ្ឍន៍នៃតួអក្សរខ្មែរពីបុរាណដល់បច្ចុប្បន្ន យើងបានសម្រេចជ្រើសរើសតួអក្សរក្នុងសម័យអង្គរ និងក្រោយសម័យអង្គរមករចនាបង្កើតជាស្លាកសញ្ញា គឺបានរំលេចឡើងពីតួអក្សបុរាណនេះបញ្ជាក់ពីជំហរ និងឆន្ទៈដ៏ជាក់លាក់ ក្នុងការចូលរួមអភិរក្សអក្សរសាស្ត្រជាតិ សិល្បៈនិងវប្បធម៍ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសិល្បៈទី៧អោយកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។”

ថ្នាក់ដឹកនាំវ័យក្មេងរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដដែលរូបនេះ ពន្យល់ពីការផ្ដួចផ្ដើមបង្កើតក្រុមហ៊ុននេះ ថា  អាកាសា បានបង្កើតឡើងនា ឆ្នាំ២០២២ ជាមួយក្រុមការងារតូចមួយ និងបន្តបង្កើតជាក្រុមហ៊ុនផ្លូវការនាដើមឆ្នាំ២០២៣ ដោយមានការផ្តួចផ្តើមគំនិត  លោកឧកញ៉ាលីសុភ័ក្ត ផ្ទាល់តែម្ដង។ ក្រុមហ៊ុន អាកាសា មានបម្រើជូននូវសេវាកម្មជាច្រើន ដូចជា៖

1. សេវាកម្មរៀបចំកិច្ចការ Branding សម្រាប់ជម្រុញលើផលិតផលរឺស្លាកសញ្ញានៃក្រុមហ៊ុននានា

2. សេវាកម្មគំនិតឆ្នៃប្រឌិត ក្នុងរចនា រឺរៀបរៀងការងារផ្សេងៗ

3. សេវាកម្មគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល តាមគ្រប់បណ្តាញសង្គម

4. សេវាកម្មផលិតកម្ម រួមមាន៖ ផលិតស្ប៉តពាណិជ្ជកម្ម, សេវាកម្មថតរូប, ផលិតកម្មវិធីទូរទស្សន៍, ផលិតវីដេអូចម្រៀង, ផលិតភាពយន្តភាគទូរទស្សន៍, ផលិតភាពយន្តឯកសារ និងផលិតភាពយន្ត

5. សេវាកម្មការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ | Event management មានការប្រគំតន្រ្តី ការតាំងពិពណ៌ ព្រមទាំងកម្មវិធីនានា

6. សេ វាកម្មសហការផលិត | Production Support មានផ្តល់ជាស្ទូឌីយោសម្រាប់ជួល សម្ភារៈភ្លើងសម្រាប់ជួល កាំមេរ៉ាសម្រាប់ជួល ព្រមទាំងសហការរាល់កិច្ចការនានាដែលពាក់ព័ន្ធទៅនឹងការផលិតទាំងឡាយ។

ថ្លែងក្នុងកម្មវិធី បើកសម្ពោធដំណើរការក្រុមហ៊ុន អាកាសា នោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវការ កោតសសើយ៉ាងខ្លាំងចំពោះក្រុមការងារទាំងមូលរបស់អាកាសា ដែលបុគ្គលិកពោពេញដោយជំនាញស្នាដៃ និងបទពិសោធន៍ជាច្រើនឆ្នាំ ។

ឯកឧត្តម ពិតជាមានក្តីរីករាយជាអនេកដែលក្រុមការងារអាកាសា បានឆ្លៀតយកឪកាសនេះប្រគល់បេះដូងដែលបានមកពីការចូលរួមបត់ពីសាធារណៈជន ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន លី ហួរ គ្រុប បានសរុប ៥៦៥៧៦ បេះដូងជូនទៅសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាស្មារតីជម្រុញយុទ្ធនាការ Beyond The Games ជាចុងក្រោយឯកឧត្តមក៏បានជូនពរអោយក្រុមហ៊ុន អាកាសា មេឌា សឹលូសិន ទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។