Volkswagen ត្រៀមចាប់ដៃជាមួយក្រុមហ៊ុនធំៗជាច្រើន បង្កើតរោងចក្រអាគុយនៅឥណ្ឌូនេស៊ី

អន្តរជាតិ

បើតាមលោក Bahlil Lahadalia រដ្ឋមន្ត្រី​ក្រសួងវិនិយោគ​របស់ឥណ្ឌូនេស៊ី​ បាន​និយាយ​ថា ក្រុមហ៊ុន Volkswagen នឹង​បង្កើត​រោងចក្រផលិតអាគុយ​រថយន្ត​អគ្គិសនី (EV) នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយចាប់ដៃជាមួយក្រុមហ៊ុន​រ៉ែ Vale, Ford និង​ក្រុមហ៊ុន​​ Zhejiang Huayou Cobalt របស់ចិនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់អឺរ៉ុបមួយនេះ បានសម្លឹងឃើញប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដ៏ល្អបំផុត សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមរបស់ខ្លួន ក្នុងការផលិតអាគុយរថយន្តអគ្គិសនី។

លើសពីនេះ រដ្ឋមន្ត្រីលោក Lahadalia បាននិយាយ កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅថា ក្រុមហ៊ុន Volkswagen នឹងធ្វើការជាមួយក្រុមហ៊ុនធំៗជាច្រើន ដូចជា Vale , Ford , Huayou ក៏ដូចជាក្រុមហ៊ុនរ៉ុករករ៉ែរបស់បារាំង Eramet និងក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី មួយចំនួនទៀត ក្រោមភាពជាដៃគូសម្រាប់ការបណ្តាក់ទុនរួមគ្នា និងជាដៃគូផ្គត់ផ្គង់វត្ថុធាតុដើម ។

យ៉ាងណាមិញ ក្រៅតែពីក្រុមហ៊ុន Volkswagen ថ្មីៗនេះក្រុមហ៊ុនគីមីរបស់អាល្លឺម៉ង់ BASF ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសម្ភារ:អាគុយរថយន្ត ដោយនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Eramet នៅខេត្ត Maluku ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងទុនវិនិយោគសរុបប្រហែល ២,៦ ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Volkswagen ធ្លាប់បានប្រកាស កាលពីខែមុនថា ខ្លួនគ្រោងនឹងវិនិយោគជាមួយនឹងទំហំទឹកប្រាក់ ១៨០ ពាន់លានអឺរ៉ូ (១៩៣ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងវិស័យនានា រួមទាំងការផលិតអាគុយ និងប្រភពវត្ថុធាតុដើម៕