គិតត្រឹមត្រីមាសទី១ ការវិនិយោគក្នុងវិស័យអចលនទ្រព្យចិន ធ្លាក់ចុះជិត ៦%

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅតែបន្តមានការធ្លាក់ចុះ នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ ប៉ុន្តែសម្រាប់ការលក់វិញហាក់មានកំណើនវិជ្ជមានឡើងវិញ ដោយបានបង្ហាញពីស្ថិរភាព និងការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសារព័ត៌មាន Global Times បានអះអាងថា ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យរបស់ចិន បានធ្លាក់ចុះ ៥,៨% មកនៅត្រឹម ២,៦ទ្រីលានយ៉ន់ (៣៧៧,៨ពាន់លានដុល្លារ) អំឡុងត្រីមាស គិតពីខែមករា ដល់ខែមីនា ឆ្នាំនេះ បើធៀបទៅនឹងការធ្លាក់ចុះ ៥,៧% ក្នុងរយ:ពេល ២ ខែដំបូង ។

ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានសញ្ញានៃការងើបឡើងមកវិញផងដែរ ដោយការលក់អចលនទ្រព្យរបស់ប្រទេសចិន បានកើនឡើង ៤,១% នៅក្នុងត្រីមាសទីមួយនេះ ដល់ចំនួន ៣,០៥ទ្រីលានយ៉ន់ ស្របពេលការលក់ផ្ទះថ្មីៗ បានកើនឡើង ៧,១% ពោលគឺខ្ពស់ជាងកំណើន ៣,៥% ដែលត្រូវបានកត់ត្រា ក្នុងត្រីមាសទី ៤ កាលពីឆ្នាំមុន ។

រំលឹកផងដែរថា វិស័យអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាកត្តាជំរុញដ៏សំខាន់ របស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះ ត្រូវបានរងគ្រោះដោយសារតែការបង្ក្រាបទ្រង់ទ្រាយធំ ទៅលើកម្រិតបំណុលច្រើនហួសហេតុរបស់ក្រុមហ៊ុនអភិវឌ្ឍធំៗ ដែលនាំឱ្យគម្រោងលំនៅដ្ឋានត្រូវជាប់គាំង និងអ្នកទិញ ចាប់ផ្តើមនាំគ្នាតវ៉ាមិនព្រមសងប្រាក់កម្ចីទិញផ្ទះនោះឡើយ ៕