ការនាំចេញសម្លៀកបំពាក់របស់ស្រីលង្កា អាចនឹងធ្លាក់ចុះដល់ ១ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

ថ្មីៗនេះ អ្នកជំនាញខាងផ្នែកឧស្សាហកម្មកំពូលមួយរូប បាននិយាយថា ប្រាក់ចំណូលដែលបានពីការនាំចេញសម្លៀកបំពាក់របស់ប្រទេសស្រីលង្កា អាចនឹងធ្លាក់ចុះដល់ ១ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ ដោយសារតែការធា្លក់ចុះនៃតម្រូវការពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយដោយ CNA បានបង្ហាញឱ្យដឹងទៀតថា សម្លៀកបំពាក់ គឺជាទំនិញឧស្សាហកម្មនាំចេញដ៏ធំបំផុតរបស់ស្រីលង្កា ដោយកាលពីឆ្នាំ ២០២២ កន្លងទៅ ទំនិញនេះបានផ្តល់ប្រាក់ចំណូលដល់រដ្ឋ បានចំនួន ៥,៩៥ពាន់លានដុល្លារ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទិន្នន័យពីធនាគារកណ្តាលរបស់ស្រីលង្កា បានបង្ហាញថា លទ្ធផលសម្រាប់ត្រីមាសទី ១ របស់ឧស្សាកម្ម នៅឆ្នាំ ២០២៣ ហាក់បានជួបប្រទះនឹងផលវិបាកយ៉ាងខ្លាំង ជាមួយនឹងការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ បានធ្លាក់ចុះ ១៣,៨% មកនៅត្រឹមចំនួន ១,៣ពាន់លានដុល្លារប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះ លោក Yohan Lawrence អគ្គលេខាធិការនៃវេទិកាសមាគមកាត់ដេររួម (JAAF) ដែលជាស្ថាប័នកំពូលរបស់ឧស្សាហកម្មប្រភេទនេះ បាននិយាយថា ការនាំចេញក្នុងខែមីនា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។

គួរឱ្យដឹងថាការនាំចេញសម្លៀកបំពាក់របស់ស្រីលង្កា ទៅកាន់សហរដ្ឋអាមេរិក ដែលជាអ្នកទិញចូលដ៏ធំបំផុត បានធ្លាក់ចុះ ២២% មកនៅត្រឹមចំនួន ៤៧០លានដុល្លារប៉ុណ្ណោះ គិតនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ។

លើសពីនេះ សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុបវិញ បានធ្លាក់ចុះ ១៣% មកនៅត្រឹម ៣៤៤លានដុល្លារ ខណៈការនាំចេញនៅត្រីមាសទី១ ទៅកាន់ចក្រភពអង់គ្លេស បានធ្លាក់ចុះ ១០% មកនៅត្រឹម ១៦៧,៧លានដុល្លារ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ JAAF ៕