មកដឹងពីប្រភពចំណូលធំៗមួយចំនួនរបស់មហាសេដ្ឋីបាល់ទាត់ Cristiano Ronaldo

អន្តរជាតិ

Cristiano Ronaldo ត្រូវបានគេទទួលស្គាល់ថាជាកីឡាករបាល់ទាត់ដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត រាប់ចាប់តាំងពីការឈ្នះពាន ក៏ដូចជាបានប្រកបអាជីពនៅក្នុងក្លិបកំពូលៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ នៅក្នុងនោះ Ronaldo ក៏ជាកីឡាករបាល់ទាត់មួយរូបដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតផងដែរ ដោយក្នុងនោះប្រភពចំណូលសំខាន់ៗរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានបែងចែកជាពីរធំៗ គឺចំណូលពីវិស័យបាល់ទាត់ និងចំណូលនៅក្រៅទីលាន។

ចំណូលពីវិស័យបាល់ទាត់ គឺ Ronaldo អាចទទួលបានពីប្រាក់ឈ្នួល និងប្រាក់រង្វាន់ពីក្លិប។ ចាប់តាំងពីការផ្លាស់ទៅចូលរួមជាមួយក្លិបយក្សរបស់អារាប៊ីសាអូឌីត Ronaldo ទទួលបានប្រាក់ខែក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាល ដែលត្រូវបានប៉ាន់ស្មានមានចំនួនប្រហែល ២០០លានដុល្លារក្នុងមួយឆ្នាំ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្លិបផងដែរ និងធ្វើឲ្យរូបលោកក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។

ទន្ទឹមនឹងនេះ ចំពោះប្រាក់ចំណូលពីក្រៅទីលានវិញ Ronaldo ទទួលបានពីកិច្ចសន្យាឧបត្ថម្ភ និងការផ្សាយពាណិជ្ជកម្ម ដែលក្នុងនោះរូបលោក គឺជាអ្នកតំណាងផ្សព្វផ្សាយឲ្យប្រេនថ្មីៗជាច្រើនជុំវិញពិភពលោក។ ហើយមិនតែប៉ុណ្ណោះ Ronaldo ក៏មានម៉ាកយីហោផ្ទាល់ខ្លួនផងដែរ គឺ CR7 Brand។

ក្រៅពីនោះ Ronaldo ក៏មានអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ផងដែរ ដោយរូបលោកបានចាប់ដៃគូជាមួយក្រុមហ៊ុន Pestana Hotel Group ដើម្បីបង្កើតខ្សែសង្វាក់សណ្ឋាគារលំដាប់ប្រណីតហៅថា Pestana CR7 Lifestyle Hotels នៅតាមទីក្រុងធំៗដូចជា Lisbon, Funchal, Madrid, New York និង Marrakech។

គួរជម្រាបជូនថា សម្រាប់ប្រភពចំណូលដ៏មួយទៀត គឺទទួលបានពីបណ្តាញសង្គម។ ជាមួយនឹងការមានអ្នក Follow រាប់រយលាននាក់នៅលើ Instagram, Facebook និង X (Twitter) រួមទាំងការបង្កើតឆានែល YouTube ផ្ទាល់ខ្លួនផងនោះ Ronaldo អាចរកចំណូលបានរាប់លានដុល្លារសម្រាប់ការបង្ហោះផ្សាយពាណិជ្ជកម្ម (Sponsored Posts) នៅលើវេទិកាទាំងនោះម្តងៗ៕​