កម្ពុជា គូសបញ្ជាក់ពីសោកនាដកម្មនៅមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូលអាស៊ានើលើកទី៤២ នៅឥណ្ឌូនេស៊ី

អន្តរជាតិ

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរយោបល់គ្នាលើវិធីសាស្ត ដើម្បីធ្វើយ៉ាងណាពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC) របស់ប្រមុខដឹកនាំអាស៊ាន រួមទាំងការពិនិត្យឡើងវិញនិងសេចក្តីសម្រេច ១៥ចំណុច របស់ប្រមុខដឹកនាំអាស៊ានស្តីពី ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ នៅរាជធានីភ្នំពេញ កាលពី ឆ្នាំកន្លងទៅ។

កម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា សោកនាដកម្ម ទាំងឡាយបង្កឡើងដោយអំពើហិង្សាដែលកំពុងបន្តកើនឡើង នៅតាមតំបន់ជាច្រើន នៅមីយ៉ាន់ម៉ា គឺជាការរំលឹកដ៏ឃោរឃៅមួយដែលតម្រូវឲ្យយើងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នៅចំពោះមុខការប្រឈមដ៏ស្មុគស្មាញនេះ អាស៊ានចាំបាច់ត្រូវមានភាពបត់បែន ការបង្កើតគំនិតថ្មី និងភាពច្នៃប្រឌិត ក្នុងការស្វែងរកអភិក្រមនានាដែលអាចជំរុញការអនុវត្តកិច្ចព្រមព្រៀង 5PC នេះបាន៕

អត្ថបទ៖ អក្ខរា