តម្លៃដែក នៅចិនធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន រយ:ពេល ៣ ឆ្នាំចុងក្រោយ

អន្តរជាតិ

តម្លៃដែកសសៃ នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ គិតត្រឹមសប្តាហ៍នេះ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារតែកំណើនយឺតយ៉ាវ របស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានភាពទន់ខ្សោយស្រាប់ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យដែលទទួលបានពីក្រុមប្រឹក្សា Mysteel បានបង្ហាញឱ្យដឹងទៀតថា តម្លៃដែកសសៃ ប្រភេទ HRB400 20mm ដែលប្រើប្រាស់ច្រើនក្នុងការពង្រឹងបេតុង សម្រាប់អគារ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ បានធ្លាក់ចុះមកនៅត្រឹម ៣ ៥១០ យ៉ន់ (៥០៧,៨ដុល្លារ) ប៉ុណ្ណោះ ក្នុងមួយតោន​ ។

យ៉ាងណាមិញ នេះគឺជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ ២០២០ មក នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ចាប់ផ្តើមផ្ទុះឡើង នៅក្នុងប្រទេសចិន ដែលត្រូវបង្ខំឱ្យសកម្មភាពឧស្សាហកម្មភាពច្រើន ត្រូវបានផ្អាកទាំងស្រុង ។

ទន្ទឹមនឹងនេះ លោក Takahiro Mori អនុប្រធានក្រុមហ៊ុន Nippon Steel Corp របស់ប្រទេសជប៉ុន បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Reuteres កាលពីពេលថ្មីៗនេះថា ៖ ” ស្ថានភាពនៅក្នុងប្រទេសចិន គឺអាក្រក់។ ទស្សនវិស័យ សម្រាប់តម្រូវការដែក នៅក្នុងប្រទេសនេះ បានធ្លាក់ចុះខ្លាំង បើធៀបនឹងរយ:ពេលបីខែមុន ” ។

គួរឱ្យដឹងផងដែរថា អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ បានរួមចំណែកប្រហែល ៦០% នៃតម្រូវការនៅក្នុងវិស័យដែក នៅក្នុងប្រទេសចិន ប៉ុន្តែតម្រូវការទាំងនោះបានធ្លាក់ចុះខ្លាំង នៅពេលដែលហេដ្ឋរចនាសម្ព័ន្ធបានថយចុះ ស្របពេលទីផ្សារអចលនទ្រព្យ ក៏កំពុងបង្ហាញពីកំណើនដ៏តិចតួច ផងដែរ ។

លើសពីនេះ អ្នកវិភាគ នៅក្នុងក្រុមហ៊ុន Huatai Futures បាននិយាយ នៅក្នុងការស្រាវជ្រាវរបស់ខ្លួន កាលថ្ងៃទី ២១ ខែឧសភា កន្លងទៅថា តម្រូវការដែករបស់ចិន បានធ្លាក់ចុះ ៣,៤% នៅក្នុងខែមេសា បើធៀបទៅនឹងការកើនឡើង ៨,៧% កាលពីក្នុងខែមីនា ឆ្នាំមុន៕