ដឹងទេ! មហាសេដ្ឋីលំដាប់កំពូល Elon Musk មានរថយន្តផ្ទាល់ខ្លួនប៉ុន្មានគ្រឿង?

អន្តរជាតិ

មហាសេដ្ឋីអាមេរិកលោក Elon Musk មិនមែនត្រឹមតែជាមេធំក្រុមហ៊ុនកំពូលរថយន្តអគ្គិសនី Tesla ដែលកំពុងមានឈ្មោះល្បីល្បាញប៉ុណ្ណោះទេ លោកក៏ជាបុគ្គលមួយរូបដែលចូលចិត្តប្រមូលរថយន្តដែលមានបច្ចេកវិទ្យា ក៏ដូចជាការរចនាទំនើបៗ និងមានកម្លាំងខ្លាំងរបស់ក្រុមហ៊ុនដ៏ទៃមកសន្សំទុកក្នុងផ្ទះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមគេហទំព័រ Hot Cars បានរៀបរៀងនូវរថយន្តចំនួន ៨គ្រឿងដែលលោក​ Elon Musk បានទិញ រួមមានរថយន្ត BMW M5 ផលិតក្នុងឆ្នាំ២០០៦, រថយន្ត Audi Q7 ផលិតក្នុងឆ្នាំ២០១០, រថយន្ត BMW 320i ផលិតក្នុងឆ្នាំ១៩៧៨, រថយន្ត E-Type Jaguar Roadster ផលិតក្នុងឆ្នាំ១៩៦៧, រថយន្ត Porsche 911 997 Turbo ផលិតក្នុងឆ្នាំ២០១២, រថយន្ត Lotus Esprit ផលិតក្នុងឆ្នាំ១៩៧៩, រថយន្ត Ford Model T ផលិតក្នុងឆ្នាំ១៩២០ និងចុងក្រោយគេគឺរថយន្ត McLaren F1 ផលិតក្នុងឆ្នាំ១៩៩៧ ។

ក្នុងចំណោមរថយន្តទាំង ៨គ្រឿងដែលមហាសេដ្ឋីអាមេរិករូបនេះបានទិញ រថយន្ត McLaren F1 ដែលផលិតក្នុងឆ្នាំ១៩៩៧ គឺជារថយន្តស្ព័រដែលលោក Musk បានទិញក្នុងតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ១៩៩៩ ពោលដល់ទៅចំនួន ១លានដុល្លារ ម្យ៉ាងវិញទៀតវាក៏ធ្លាប់ជាប់ក្នុងកំណត់ត្រា Guinness សម្រាប់រថយន្តដែលអាចផលិតល្បឿនលឿនបំផុតរបស់ពិភពលោក ដោយអាចបង្កើនកំពូលល្បឿនដល់ទៅចំនួន ៣៨៦,៤គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានោះ រថយន្ត Ford Model T ផលិតក្នុងឆ្នាំ១៩២០ ជារថយន្តដែលមានតម្លៃទាបបំផុតនៅក្នុងផ្ទះរបស់លោក Musk យ៉ាងណាវាក៏មានសមត្ថភាពអាចបង្កើនល្បឿនជាអតិបរមាប្រមាណ ៦៨គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលតម្លៃរបស់ Model T នាពេលបច្ចុបន្នវិញ ខ្ទង់ប្រាំពាន់ដុល្លារចុះក្រោមប៉ុណ្ណោះ។

គួរជម្រាបផងដែរថា មហាសេដ្ឋីលំដាប់កំពូលអាមេរិកលោក Elon Musk មិនមែនមានត្រឹមតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla តែមួយមុខគត់នោះទេ ពោលគឺលោកកំពុងតែក្តោបក្តាប់ក្រុមហ៊ុនជោគជ័យជាច្រើននៅក្នុងដៃ តួយ៉ាងក្រុមហ៊ុន Neuralink, Space X, The Boring Company, Solar City  និងក្រុមហ៊ុនទើបតែទិញបាននាពេលកន្លងគឺក្រមហ៊ុនបណ្តាញសង្គម X ៕