ត្រឹម ១៨ ខែចុងក្រោយ ក្រុមហ៊ុនអាមេរិក ចាក់លុយវិនិយោគសរុប ១០០ពាន់លានដុល្លារ នៅម៉ាឡេស៊ី

អន្តរជាតិ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី លោក Brian Mcfeeters បាននិយាយថា ក្រុមហ៊ុនរបស់អាមេរិកជាច្រើន បានមកបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុបចំនួន ១០០ពាន់លានដុល្លារ ក្នុងវិស័យផ្សេងៗ នៅប្រទេសម៉ាឡេស៊ី ក្នុងរយ:ពេល ១៨ ខែចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថាការវិនិយោគដ៏ច្រើនសម្បើមនេះ គឺសហរដ្ឋអាមេរិក មានបំណងចង់ពង្រឹងវត្តមានរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសទាក់ទងទៅលើវិស័យសំខាន់ៗ ដូចជាអេឡិចត្រូនិក និងបន្ទះឈីបជាដើម។ ​

រោងចក្រជាច្រើនរបស់សហរដ្ឋអាមេរិក គឺបានពឹងផ្អែកដោយផ្ទាល់ទៅលើអ្វី ដែលបានផលិតនៅក្នុងប្រទេសម៉ាឡេស៊ី ដូច្នេះហើយទើបប្រទេសទាំងពីរ មានទំនាក់ទំនងសេដ្ឋកិច្ចដ៏មានផលប្រយោជន៍បំផុតជាមួយគ្នា ទៅវិញទៅមក ហើយនៅតែបន្តអភិវឌ្ឍរហូតមកទល់នឹងពេលសព្វថ្ងៃនេះ។ ​

ក្រុមហ៊ុនអាមេរិកភាគច្រើន ដែលបានមកធ្វើការវិនិយោគនៅប្រទេសម៉ាឡេស៊ី ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងណាច្រើន ពីបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលចូលមកក្នុងប្រទេសនេះផងដែរ។ ហើយទន្ទឹមនឹងនោះ ម៉ាឡេស៊ី បាននិងកំពុងដើរតួនាទីសំខាន់ ទាក់ទងនឹងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន ថែមទៀតផង។

មិនតែប៉ុណ្ណោះ លោក Brian ក៏បានគូសបញ្ជាក់ទៀតផងដែរថា ប្រទេសម៉ាឡេស៊ី បានយល់ព្រមក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលនឹងប្រព្រឹត្តទៅនាខែតុលា ឆ្នាំនេះ ដើម្បីពិភាក្សាអំពីវិធីនៃការបង្កើតសេដ្ឋកិច្ចស្អាត ជាមួយនឹងថាមពលកកើតឡើងវិញ (RE)៕