អ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងលក់អាវុធធំបំផុតឲ្យអាល្លឺម៉ង់ តម្លៃ ៣,៥ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីទទួលបានប្រព័ន្ធចាប់គ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង Arrow 3 ដែលផលិតដោយអ៊ីស្រាអែល ខណៈវានឹងក្លាយជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងជាកិច្ចព្រមព្រៀងធំបំផុត សម្រាប់វិស័យយោធាអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា ប្រព័ន្ធ Arrow 3 នឹងធ្វើឱ្យវិស័យការពារដែនអាកាសរបស់អាល្លឺម៉ង់ អាចត្រៀមខ្លួនសម្រាប់អនាគត។

រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្ថែមថា៖ បច្ចុបន្នយើងអាចមើលឃើញយ៉ាងច្បាស់ហើយ ពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយយើងដឹងយ៉ាងច្បាស់ថាការការពារប្រឆាំងដែនអាកាសវាមានសារៈសំខាន់យ៉ាងណានោះ។

ជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកនេះ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរសម្រាប់ជនជាតិយូដាគ្រប់រូប។

សូមជម្រាបថា ប្រព័ន្ធ Arrow 3 ត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលពីលើបរិយាកាសផែនដី មួយវិញទៀតប្រព័ន្ធនេះត្រូវបានបង្កើតឡើង និងផលិតដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយការលក់នេះ ក៏ត្រូវតែមានការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោនផងដែរ៕