មេធំ Evergrande ជាប់សង្ស័យថាមានការលួចផ្ទេរទ្រព្យសម្បត្តិនៅក្រៅប្រទេស ក្រោយត្រូវប៉ូលីសឃាត់ខ្លួន

អន្តរជាតិ

យោងតាមកាសែតដ៏ល្បីល្បាញ Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានក្រុមហ៊ុន Evergrande Group លោក Hui Ka Yan កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការសង្ស័យថាបានលួចធ្វើការផ្ទេរទ្រព្យសម្បត្តិនៅខាងក្រៅប្រទេស ចំពេលក្រុមហ៊ុនអភិវឌ្ឍអលចនទ្រព្យខ្នាតយក្សរបស់ចិន ដែលជាប់បំណុលវ័ណ្ឌកមួយនេះ ព្យាយាមបញ្ចប់គម្រោង ដែលកំពុងជាប់គាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិត ក្រុមហ៊ុន Evergrande បាននឹងកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទទួលបានការយល់ព្រមពីម្ចាស់បំណុល ដើម្បីធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលក្រៅប្រទេសរបស់ខ្លួនឡើងវិញ ប៉ុន្តែដំណើរការនេះ ហាក់កាន់តែធ្លាក់ចុះទៅក្នុងភាពស្មុគស្មាញកាន់តែខ្លាំង នៅពេលដែលក្រុមហ៊ុន បានធ្វើការប្រកាសថាមិនមានលទ្ធភាពក្នុងការសងបំណុលថ្មីៗបាននោះឡើយ ដោយសារតែមានការស៊ើបអង្កេតទ្រង់ទ្រាញធំ ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ។

ដោយបន្ថែមទៅលើបញ្ហាដែលក្រុមហ៊ុនកំពុងជួបប្រទះស្រាប់នោះ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានក្រុមហ៊ុនរបស់ពួកគេ គឺលោក Hui Ka Yan ត្រូវបានស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់បំផុត ពីសំណាក់ក្រុមប៉ូលីសចិន ចំពោះការប្រព្រឹត្តិបទឧក្រិដ្ឋ ដែលមិនត្រូវបានគេបញ្ជាក់ច្បាស់លាស់។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីសប្តាហ៍មុន ក៏បានរាយការណ៍ផងដែរថា ក្រុមម្ចាស់បំណុលនៅខាងក្រៅប្រទេស គ្រោងនឹងចូលរួមដាក់ញត្តិទៅកាន់តុលាការ ដើម្បីធ្វើការរំសាយក្រុមហ៊ុន Evergrande ចោល ប្រសិនបើពួកគេ នៅតែមិនដាក់ផែនការក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលថ្មី ឱ្យបានមុនខែតុលាទេនោះ។

ជម្រាបជូនផងដែរថា ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរផ្សេងទៀតរបស់ពួកគេ ក៏ត្រូវបានផ្អាកផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា លោក Hui ត្រូវបានប៉ូលីសឃាត់ខ្លួន ហើយកំពុងត្រូវបានឃ្លាំងមើលយ៉ាងដិតដល់ នៅទីតាំងសំងាត់មួយ៕