ថៃស្នើសុំបញ្ចូលសម្លៀកបំពាក់ប្រពៃណី ទៅក្នុងបញ្ជីបេតិភ័ណ្ឌវប្បធម៌អរូបីអង្គការយូណេស្កូ

អន្តរជាតិ

ក្រសួងវប្បធម៌ថៃ គ្រោងនឹងស្នើទៅកាន់អង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលនូវសម្លៀកបំពាក់ប្រពៃណីថៃរបស់ខ្លួន ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនលើកជំហានឈានទៅដល់ការលើកសំណើទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងរប្បធម៌របស់អង្គការសហប្រជាជាតិនោះ នាយកដ្ឋានបានបើកវគ្គប្រជុំបំផុសគំនិតមួយ នៅមជ្ឈមណ្ឌលវប្បធម៌ថៃកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយបុគ្គលដែលមានចំណេះដឹងពាក់ព័ន្ធលើគម្រោងនេះ ដើម្បីរួមគ្នាចងក្រងព័ត៌មានលម្អិតអំពីបែបបទ នៃសំលៀកបំពាក់ប្រពៃណីថៃ។

ក្នុងនោះ អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃលោក Kowit Pakamart បាននិយាយថា សម្លៀកបំពាក់ប្រពៃណីយរបស់ថៃ មិនដូចរបស់ជាតិសាសន៍ដ៏ទៃទេ ដោយសារការរចនា និងគ្រឿងតុបតែងគឺមានតែមួយគត់ ដោយបានបង្ហាញពីសិល្បៈហត្ថកម្មដែលឆ្លុះបញ្ចាំងពីតំបន់ផ្សេងៗ។ ម្យ៉ាងវិញទៀត ការស្លៀកពាក់បែបប្រពៃណី ក៏ជាបទដ្ឋានសង្គមសម្រាប់ប្រជាជនថៃផងដែរ ដើម្បីបង្ហាញថាពួកគេស្រឡាញ់ប្រពៃណី និងវប្បធម៌របស់ពួកគេ។

យ៉ាងណាមិញ ព្រះមហាក្សត្រិយានី Sirikit គឺជាបុគ្គលដែលបានផ្តួចផ្តើមស្រាវជ្រាវលើការស្លៀកពាក់របស់នារីថៃ ក្នុងសម័យផ្សេងៗគ្នា ដើម្បីយកមកធ្វើការរចនាម៉ូដសំលៀកបំពាក់ សម្រាប់គ្រងពេលអមដំណើរព្រះមហាក្សត្រ Bhumibol Adulyadaj ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុបកាលពី ៦០ឆ្នាំមុន។

ការសិក្សាស្រាវជ្រាវនោះ បានកត់ត្រាថា សម្លៀកបំពាក់ប្រពៃណីសម្រាប់ស្ត្រី មានប្រាំបីប្រភេទសំខាន់ៗ ខណៈឯសម្លៀកបំពាក់ប្រពៃណីបែបបុរសវិញ មានប្រាំបីប្រភេទធំៗដូចគ្នា ដើម្បីទុកប្រើប្រាស់ក្នុងឱកាសផ្សេងៗ។

គួររម្លឹកផងដែរថា អង្គការយូណេស្កូ បានដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីដើមខែថ្មីៗនេះ ខណៈកាលពីឆ្នាំ២០១៨ ល្ខោនខូន (Khon) ឬរបាំល្ខោនស្បែកមុខរបស់ថៃ ត្រូវបានអង្គការយូណេស្កូ បានដាក់បញ្ចូលទៅក្នុងបញ្ជីវប្បធម៌អរូបីនៃមនុស្សជាតិ ហើយចំណែកឯការម៉ាស្សាបែបថៃ ក៏បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌកាលពីឆ្នាំ២០១៩ និងនៅឆ្នាំ២០២១ របាំណូរ៉ាក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីផងដែរ៕