ឥណ្ឌូនេស៊ី ទទួលបានការវិនិយោគជាង ៣០ពាន់លានដុល្លារ នៅក្នុងវិស័យថាមពល កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូនេស៊ី (ESDM) លោក Arifin Tasrif បានបង្ហាញឲ្យដឹងថា ការវិនិយោគនៅក្នុងវិស័យថាមពល និងធនធានរ៉ែក្នុងប្រទេសរបស់ខ្លួន បានកើនឡើង ១១% ដល់ចំនួន ៤៧ទ្រីលានរូពី (៣០,៣ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងចំនួនទឹកប្រាក់ដែលទទួលបានត្រឹម ២៧ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Arifin បាននិយាយទៀតថា វិស័យប្រេង និងហ្គាស់ នៅតែទទួលបានចំណែកធំបំផុតនៃការវិនិយោគ ជាមួយនឹងចំនួនទឹកប្រាក់សរុប ១៥,៦ពាន់លានដុល្លារ ហើយបន្ទាប់មកគឺឧស្សាហកម្មរ៉ែ និងធ្យូងថ្មដែលមានការវិនិយោគសរុបចំនួន ៧,៤៦ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ​ឧស្សាហកម្មលើផ្នែកថាមពលអគ្គិសនីវិញ បានស្រូបទាញការវិនិយោគសរុបបានចំនួន ៥,៨ពាន់លានដុល្លារអាមេរិក ស្របពេលវិស័យថាមពលថ្មី និងកកើតឡើងវិញ (EBT) មានចំនួនវិនិយោគ ១,៥ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ចំពោះការវិនិយោគទៅលើវិស័យថាមពលថ្មី និងកកើតឡើងវិញ បានឈានដល់ ១៣,១% នៅក្នុងទិន្នផលថាមពលសរុប គិតត្រឹមដំណាច់ឆ្នាំ២០២៣ ឬស្មើទៅនឹង ២៣៨,១ លានបារ៉ែលនៃប្រេង ខណ:លោក Arifi បាននិយាយទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅឈានដល់ ២៣% ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០២៥ ខាងមុខ៕