ចិន និងសម្ព័ន្ធមិត្ត ត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ

អន្តរជាតិ

មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ ឧត្តមនាវីឯក Shahram Irani បានប្រកាសថា ប្រទេសអ៊ីរ៉ង់ ចិន ក៏ដូចជាប្រទេសរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាមុនដំណាច់ខែមីនាខាងមុខ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Tass ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Shahram Irani បានសង្កត់ធ្ងន់ថា​ មិនមែនធ្វើសមយុទ្ធតែបីប្រទេសនេះប៉ុណ្ណោះទេ ប្រទេសមួយចំនួនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។ ជាពិសេសទៅទៀតនោះ សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងដើម្បីធានាសន្តិសុខក្នុងតំបន់ និងបំពេញផលប្រយោជន៍រួម។

គួរម្លឹកទៅកាលពីឆ្នាំ២០២៣ គឺនៅអំឡុងថ្ងៃទី១៦ ទៅ១៧ខែមីនា រុស្ស៊ី ចិន និងអ៊ីរ៉ង់ក៏ធ្លាប់បានធ្វើសមយុទ្ធត្រីភាគីរួមគ្នាម្តងរួចមកហើយដែរ ដោយសមយុទ្ធនោះមានឈ្មោះថា​ “ខ្សែក្រវ៉ាត់សន្តិសុខដែនសមុទ្រ២០២៣” នៅសមុទ្រអារ៉ាប់ ក្បែរឆ្នេរសមុទ្រនៃកំពង់ផែ Chabahar របស់ប្រទេសអ៊ីរ៉ង់។

សូមជម្រាបថា កងកម្លាំងប្រទេសដែលចូលរួមនៅក្នុងសមយុទ្ធកាលនោះ បានអនុវត្តទៅលើការបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៃនាវាចម្បាំង និងបានធ្វើសមយុទ្ធរួមគ្នាតាមលំដាប់លំដោយនៃការប្រយុទ្ធផ្សេងៗគ្នា។ ជាងនេះទៅទៀត ពួកគេក៏បានអនុវត្តការបាញ់កាំភ្លើងធំទាំងថ្ងៃទាំងយប់ ព្រមទាំងទទួលបានការបណ្តុះបណ្តាលពីរបៀបរំដោះកប៉ាល់ ក៏ដូចជាចំណាត់ខ្មាំងនៅលើនាវា ហើយក៏បានអនុវត្តពីរបៀបជួយសង្គ្រោះកប៉ាល់ដែលជួបគ្រោះថ្នាក់នៅលើមហាសមុទ្រផងដែរ៕