ហ្វីលីពីនមានបំណងរុករកធនធានប្រេង នៅក្នុងតំបន់ដែលកំពុងមានជម្លោះជាមួយចិន

អន្តរជាតិ

ប្រទេសហ្វីលីពីន កំពុងពឹងផ្អែកលើសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិក​ ដើម្បីដើរតួជាខ្នងបង្អែកជួយខ្លួនពីផែនការរុករកធនធានថាមពល ក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកលោក Jose Manuel Romualdez បាននិយាយថា ហ្វីលីពីនកំពុងស្វែងរកការតភ្ជាប់ទំនាក់ទំនងសន្តិសុខដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីតោន ទៅជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ទូលំទូលាយ។

លោក Romualdez បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងម៉ានីលថា នៅពេលដែលវេលាសកសមមកដល់ យើងនឹងចាប់ផ្តើមរុករកវា ហើយយើងនឹងមានជម្រើសជាច្រើន ដើម្បីអាចធានាបាននូវការរុករក។ មួយវិញទៀត ហ្វីលីពីនក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ហើយមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងជប៉ុន និងអូស្ត្រាលីផងដែរ។

ជាមួយគ្នា រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា ដែនទឹកនៅទីនោះត្រូវបានគេប៉ាន់ប្រមាណថាមានបរិមាណប្រេង និងឧស្ម័នយ៉ាងច្រើនសន្ធឹក ខណៈដែលហ្វីលីពីនឯណេះវិញ ក៏កំពុងស្វែងរកជម្រើសជាច្រើននៅក្នុងដំណើរការស្វែងរកប្រភពទីតាំង លើការទាញយកធនធានពីសមុទ្រចិនខាងត្បូង ដែលជាដែនទឹកកំពុងមានការទាមទារស្ទើរតែទាំងស្រុងពីប្រទេសចិន។

គួរជម្រាបផងដែរថា ហ្វីលីពីនបាននាំចូលស្ទើរតែគ្រប់តម្រូវការប្រេងឥន្ធនៈ ហើយបានព្យាយាមអស់ជាច្រើនឆ្នាំមកហើយ ដើម្បីចាប់ផ្តើមការរុករកថាមពលនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង រួមទាំងតាមរយៈភាពជាដៃគូជាមួយប្រទេសចិនផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ការចរចាររវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានជាប់គាំងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយនាវាឆ្មាំឆ្នេរសមុទ្ររបស់ពួកគេបានប៉ះទង្គិចគ្នាម្តងទៀតកាលពីពេលថ្មីៗនេះ៕