លោក ត្រាំ ទុកពេលឲ្យអ៊ីរ៉ង់ ៤៨ម៉ោង ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ថា ពួកគេនឹងស្គាស់រសជាតិឋាននរក ប្រសិនបើមិនព្រមបើកច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៤៨ម៉ោងខាងមុខទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៤ ខែមេសាថា ៖”​ ចាំទេពេលដែលខ្ញុំបានផ្តល់ពេល ១០ថ្ងៃដល់អ៊ីរ៉ង់ដើម្បីឈានដល់កិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz? ពេលវេលាជិតអស់ហើយ នៅសល់តែ ៤៨ម៉ោងទៀតប៉ុណ្ណោះមុនពេលឋាននរក នឹងទៅរកពួកគេ”។

យ៉ាងណាមិញ​ បើតាមសមាជិកព្រឹទ្ធសភារបស់បក្សសាធារណរដ្ឋ លោក Lindsey Graham ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ ក្រោយមកបានប្រកាសថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិក និងបានសម្តែងទំនុកចិត្តថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់កម្លាំងយោធាដ៏ច្រើនលើសលប់ ប្រសិនបើទីក្រុងតេអេរ៉ង់បន្តបិទច្រកសមុទ្រ Hormuz ហើយបដិសេធដំណោះស្រាយការទូតទៀតនោះ។

គួរឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា មេដឹកនាំអាមេរិក​ ធ្លាប់បានគំរាមបំផ្លាញ រោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយចាប់ផ្តើមជាមួយនឹងរោងចក្រធំបំផុត ប្រសិនបើអ៊ីរ៉ង់មិនបើកឡើងវិញទាំងស្រុង និងបញ្ឈប់ការគំរាមកំហែងរបស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៤៨ម៉ោង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពីរថ្ងៃក្រោយមក ត្រាំ បានប្រកាសឡើងវិញថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មាន កិច្ចពិភាក្សាដ៏ល្អ និងមានផលិតភាព ដោយបន្ថែមថា លោកបានសម្រេចចិត្តពន្យារពេលការវាយប្រហារលើរោងចក្រថាមពលរយៈពេលប្រាំថ្ងៃ។ ហើយលុះដល់ថ្ងៃទី២៦ ខែមីនា លោកបានប្រកាសអំពីការពន្យារពេល ១០ថ្ងៃបន្ថែមទៀត ដោយកំណត់ថ្ងៃផុតកំណត់ថ្មី នៅត្រឹមថ្ងៃទី៦ ខែមេសា៕​