បច្ចុប្បន្នមន្ត្រីអ៊ីស្រាអែលបានវាយតម្លៃថា របបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ទំនងជាមិនអាចដួលរលំក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ ដោយសារតែមេដឹកនាំក្រុងតេហេរ៉ង់ ដែលកំពុងរងការវាយប្រហារ នៅតែអាចគ្រប់គ្រងប្រទេសនេះបាន ហើយលក្ខខណ្ឌជាក់ស្តែង នៅមិនទាន់អំណោយផល សម្រាប់ការងើបបះបោរពីសំណាក់ប្រជាជននៅឡើយ។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ ហើយបានប្រាប់សារព័ត៌មានអាមេរិក The Wall Street Journal កាលពីថ្ងៃទី១២ ខែមីនា។

ក្នុងរយៈពេលជិតពីរសប្តាហ៍នៃសង្គ្រាមនៅអ៊ីរ៉ង់, កងកម្លាំងយោធា និងថ្នាក់ដឹកនាំនយោបាយរបស់អ៊ីរ៉ង់ហាក់ដូចជានៅតែអាចដំណើរការល្អ និងអាចឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានាបាន។ ចំណែកឯក្រុមប្រឆាំងក្នុងប្រទេសនេះ ស្ថិតក្រោមសម្ពាធពីសន្តិសុខដ៏តឹងរ៉ឹង។ មន្ត្រីអ៊ីស្រាអែលបានវាយតម្លៃថា ដើម្បីផ្លាស់ប្តូរស្ថានភាពនេះ គេអាចនឹងត្រូវចំណាយពេលប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ឬច្រើនខែទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែង លោកមិនច្បាស់ទេថា តើប្រជាជនអ៊ីរ៉ង់នឹងអាចផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមបានឬយ៉ាងណា ប៉ុន្តែលោកបានបញ្ជាក់ថា អ៊ីស្រាអែលកំពុងធ្វើការ ដើម្បីបង្កើតលក្ខខណ្ឌដែលនឹងអនុញ្ញាតឱ្យរឿងនោះអាចកើតឡើងបាន។
យ៉ាងណា គិតរហូតមកដល់ពេលនេះ របបដឹកនាំអ៊ីរ៉ង់បានបង្ហាញឱ្យឃើញនូវភាពធន់មាំ និងបានបន្តការវាយបកវិញ ដែលបណ្តាលឱ្យមានការខូចខាតកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក, សម្ព័ន្ធមិត្ត ក៏ដូចជាសេដ្ឋកិច្ចសកលលោកដែរ៕



