ធនាគារកណ្តាលវៀតណាមដាក់ដេញថ្លៃមាសជិត ១៧ពាន់តម្លឹង ដើម្បីរក្សាតម្លៃក្នុងស្រុក

អន្តរជាតិ

ចំពេលទីផ្សារតម្លៃមាសកំពុងមានការឡើងថ្លៃខ្លាំង ធនាគាររដ្ឋវៀតណាមបានប្រកាសថា ខ្លួននឹងបញ្ចេញមាសជិត ១៧ពាន់តម្លឹងទុកសម្រាប់ការដេញថ្លៃ ដើម្បីរក្សាតម្លៃក្នុងស្រុកឲ្យមានស្ថិរភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មាសចំនួន ១៦ ៨០០តម្លឹងនឹងដាក់ដេញថ្លៃនាព្រឹកថ្ងៃទី២៣ ខែមេសា បន្ទាប់ពីពន្យាពេលមួយថ្ងៃដ្បិតអីអាជីវកម្មដែលចូលរួមមានចំនួនតិចតួចពេក ខណៈរហូតមកដល់ពេលនេះអាជីវកម្មចំនួន១៥ ត្រូវបានផ្តល់ការអនុញ្ញាតឲ្យធ្វើការដេញថ្លៃ តែតម្រូវឲ្យបញ្ជាក់ពីបរិមាណ និងតម្លៃ ព្រមទាំងដាក់ប្រាក់បញ្ញើចំនួន១០% ផងដែរ ។

ក្នុងនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាននឹងកំពុងជំរុញឲ្យធនាគារកណ្តាលមានវិធានការ ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក ដោយនៅខែនេះលោកក៏ធ្លាប់បានលើកឡើងថា គម្លាតរវាងតម្លៃក្នុងស្រុក និងអន្តរជាតិត្រូវតែរួមតូចមកវិញ ដើម្បីជៀសវាងការវិវឌ្ឍន៍មិនល្អណាមួយជាយថាហេតុ។

សូមជម្រាបបន្ថែមថា មាសកំពុងតែកើនឡើងតម្លៃជាបន្តបន្ទាប់នៅឆ្នាំ២០២៤ នេះ ដោយសារតែភាពតឹងតឹងនៃវិវាទនយោបាយ ក៏ដូចជាបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា និងការវាយប្រហារគ្នារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនជាដើម សុទ្ធសឹងតែជាកត្តាលីករជំរុញឲ្យមាសក្លាយជាវត្ថុដ៏មានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្ន៕